(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្ររាជានិយមហ៊្វុនស៉ិនប៉ិច បានបង្ហាញក្តីបារម្ភអំពីភាពរលំរលាយ របស់គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីគណបក្សនេះ ចាប់ផ្តើមផ្ទុះបញ្ហាផ្ទៃក្នុងសាជាថ្មី រវាងសម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ដែលជាអនុប្រធានទី២ នៃគណបក្សហ៊្វុនស៉ិនប៉ិច ។

តាមរយៈលិខិតចំហរមួយផ្ញើទៅកាន់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ក្រុមអ្នកមាននិន្នាការទៅរក លោក ញឹក ប៊ុនឆៃ ទាំងនោះបានអះអាងថា ការសម្រេចចិត្តរបស់សម្តេចក្រុមព្រះនាថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ជាពិសេសការសម្រេចបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ទោសទៅលើ លោក ញឹក ប៊ុនឆៃ ជាដើម ។

លិខិតរបស់អ្នករាជានិយមទាំងនោះ បានលើកឡើងថា «គឺសម្តេចក្រុមព្រះ តែមួយអង្គគត់ ដែលត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះប្រវត្តិសាស្រ្ត ក៏ដូចជាចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ក្នុងការដែលគណបក្សរាជានិយម ព្រះកេរ្តិ៍ដំណែល របស់ព្រះអង្គត្រូវរលាយសាបសូន្យដោយចៀសមិនរួច ពីព្រោះសម្លេងដែលនៅសេសសល់ សម្រាប់អ្នករាជានិយម ដែលនៅតិចស្រាប់ហើយនោះ នឹងត្រូវបែកខ្ញែក រប៉ាត់រប៉ាយជាំច្រើនចម្រៀកទៀត»

សូមជំរាបថា នាថ្មីៗនេះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានបង្កើត ក្រុមប្រឹក្សាវិន័យ នៅក្នុងបក្ស ដើម្បីដាក់ទោសទៅលើ លោក ញឹក ប៊ុនឆៃ ដែលបានធ្វើសកម្មភាពមួយចំនួន ដែលមិនមានការអនុញ្ញាតពីព្រះអង្គ។ ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ បានចេញលិខិតប្រតិកម្មទៅនឹងការបង្កើតក្រុមប្រឹក្សាវិន័យនេះ ដោយលោកស្នើឱ្យមានការចូលរួម ពីសមាជិកហ៊្វុនស៊ិនប៉ិចចាស់ដែរ ហើយមិនត្រូវដាក់តែបក្ខពួក សម្តេចក្រុមព្រះនោះទេ៕

ខាងក្រោមនេះជាលិខិតចំហរ របស់ក្រុមអ្នករាជានិយមផ្ញើជូនសម្តេចក្រុមព្រះ៖