Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាឃុំខ្លួនបុរស ដែលផ្ទុះអាវុធត្រូវស្រីស្នេហ៍ស្លាប់នៅក្នុងរថយន្ត ដាក់ពន្ធនាគារ

17-09-2020 13:32

(កំពង់ឆ្នាំង)៖ ករណីដែលមានការសង្ស័យថា ជាអំពើឃាតកម្ម ទៅលើនារីម្នាក់នៅក្នុងរថយន្ត កាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ដែលកើតហេតុនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅក្នុងពន្ធនាគារហើយ។

បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បានបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អចលនទ្រព្យ មានស្រុកកំណើតនៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជននេះមានទីលំនៅផ្ទះលេខ ៩០ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងដីកាខាងលើនេះផងដែរ លោកចៅក្រមបានចោទជនសង្ស័យពីបទ ឃាតកម្ម និងកាន់កាប់ ដាក់តាមខ្លួននូវគ្រឿងផ្ទុះ និងគ្រាប់រំសេវ អាវុធខ្លីម៉ាក( ZORAKI M90 ID) ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រាទី ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់ រំសេវ៕