(មណ្ឌលគិរី)៖ ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ គិតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ មន្ត្រីដែលដឹកនាំដោយលោកឧត្តមសេនីយ៍ វង្ស ពិសេន របស់គណៈកម្មការចម្រុះថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ មិនឲ្យនាំចេញយកទៅលក់នៅប្រទេសវៀតណាម បានចុះទៅធ្វើការត្រួតពិនិត្យដល់ក្រុមហ៊ុន យូនីហ្គ្រីន ដែលមានទីតាំងនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយដែលតាមព័ត៌មានក្រុមហ៊ុនដីព្រៃសម្បទានយូនីហ្គ្រីននេះ គ្រប់គ្រងដោយឧកញ៉ា តុប វីយ៉ាដា ដែលគេស្គាល់ថា ជាមេការបស់ឧកញ៉ា ទ្រីភាព ឈ្មួញរកស៊ីមានបានឡើងធ្វើជាសេដ្ឋី រហូតដល់សព្វថ្ងៃគឺដោយសារការកាប់ឈើគ្រញូង ឈើប្រណីត លក់ចង់ពាយព្រៃនៅស្រុកខ្មែរ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា តាមការប៉ាន់ស្មាននៅក្នុងបរិវេណដីក្រុមហ៊ុនយូនីហ្គ្រីននេះ គេបានរកឃើញឈើប្រណីត និងឈើលេខ១ ប្រមាណជាង ១,០០០ម៉ែត្រគូប និងឈើផ្សេងៗទៀតដែលម្ចាស់បោះបង់ចោលជាង ៧០កំណាត់ ត្រូវបានគេលាក់ទុកនៅក្បែរទីស្នាក់ការដីក្រុមហ៊ុន។
មន្ត្រីសមត្ថកិច្ចដែលចុះទៅដល់គោលដៅបានអះអាងថា ឈើដែលរកឃើញខាងលើនេះគឺស្ថិតនៅភូមិសាស្ត្រ ឃុំរយ៉មានជាង ៥០០ម៉ែត្រគូប ដោយមានវាយត្រាមេព្រៃភាគច្រើន មានន័យថា ជាឈើមានច្បាប់បង់ពន្ធហើយ និងជាច្រើនទៀតគេរកឃើញនៅក្នុងឃ្លាំងក្រុមហ៊ុន មានទីតាំងនៅភូមិក្រោល ឃុំស្រែសង្គម មានចម្ងាយពីក្រុមហ៊ុនប្រមាណជាង ៣០គីឡូម៉ែត្រ ជាឈើអារច្រៀករួច។ ក្នុងនោះក្រៅពីឈើមានច្បាប់ខាងលើ គេដឹងថាមានឈើជាង ៥០០ម៉ែត្រគូបទៀត ជាប្រភេទឈើមូលអត់ច្បាប់ ត្រូវបានគេបន្លំដាក់ជាមួយឈើមានច្បាប់ ដែលភាគច្រើនជាឈើប្រណីតមានមុខកាត់ធំៗ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចតូចតាចនៅខេត្តមណ្ឌលគិរី ដែលកន្លងមកមិនហ៊ានហើបមាត់ ទោះជាដឹងពីវិនាសកម្មបទល្មើសព្រៃឈើមានទ្រង់ទ្រាយធំយ៉ាងណាក៏ដោយនោះ ពេលនេះបានធ្លោយមាត់ប្រាប់ Fresh News ថា តាមពិតរឿងក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ច នៅខេត្តមណ្ឌលគិរី និងនៅខេត្តផ្សេងទៀតៗដែលពពួកឈ្មួញទុច្ចរិតរកស៊ីដេញថ្លៃយកនោះ វាគ្រាន់តែជាឡប់ឡែដើម្បីបិទបាំងបទល្មើសកាប់ឈើតែប៉ុណ្ណោះ។ មានក្រុមហ៊ុនតិចបំផុតដែលក្រោយដេញថ្លៃបានដីសម្បទានសេដ្ឋកិច្ច ហើយយកទៅអភិវឌ្ឍតាមផែនការ ក្រៅពីនោះគឺគេឃុបឃិតគ្នាដេញថ្លៃដើម្បីតែកាប់ឈើលក់ប៉ុណ្ណោះ ហើយឈើនៅលើដីនោះក៏មិនមាននោះទេ តែគេបានលេសនេះ ដើម្បីកាប់ព្រៃពីកន្លែងផ្សេងដូចជា កាប់ចេញពីព្រៃដែនជម្រកសត្វព្រៃភ្នំព្រិចជាដើម រួចហើយដឹកចូលបន្លំធ្វើឈើកាប់ នៅក្នុងដីក្រុមហ៊ុនដើម្បីសុំច្បាប់ដឹក ចេញយកទៅកែច្នៃតែក្រោយពីបានច្បាប់ដឹកជញ្ជូនហើយ គឺគេមិនបានដឹកយកទៅកែច្នៃដូចអ្វីដែលរដ្ឋាភិបាលចង់បាននោះទេ គឺគេដឹកយកទៅលក់នៅប្រទេសវៀតណាមតែម្ដង ហើយច្បាប់ដឹកឈើមាន១០០ម៉ែត្រគូប តែគេដឹកឈើជាងកន្លះឆ្នាំមិនទាន់អស់ឈើមាននៅក្នុងច្បាប់ ១០០ម៉ែត្រគូបនោះផង។ ដោយឡែកក្រុមហ៊ុនយូនីហ្គ្រីននេះក៏ដូចគ្នា តាមពិតនៅក្នុងបរិវេណដីក្រុមហ៊ុន យ៉ាងច្រើនមានតែឈើអុស ឈើលេខ២ ហៅឈើក្រហមតែប៉ុណ្ណោះ។
ប៉ុន្តែគេហ៊ានរត់ការយកដីព្រៃសម្បទាននេះ គឺដោយសារតែនៅជាប់នឹងដែនជម្រកសត្វព្រៃភ្នំព្រិច ទើបគេទិញយកដើម្បីងាយចូលកាប់ឈើប្រណីតឈើលេខ១ ពីដែនជម្រកសត្វព្រៃតែប៉ុណ្ណោះ។ ក្នុងនោះគេបង្ហើបឲ្យដឹងទៀតថា តាមពិតឈើដែលមានវ៉ៃត្រារបស់មេព្រៃបញ្ជាក់ថា ឈើបង់ពន្ធហើយនោះពិតជាឈើមានច្បាប់មែន តែឈើមានច្បាប់នេះគេមិនបានដឹកទៅលក់ ឬកែច្នៃនោះទេ គឺគេទុកចោលនៅក្នុងក្រុមហ៊ុនបំភ័ន្តភ្នែកថ្នាក់លើ និងមហាជន ឯឈើល្មើសច្បាប់ក្រោយកាប់ហើយ គេដឹកចេញយកទៅលក់រាប់ខែរាប់ឆ្នាំមកហើយមិនចេះអស់នោះទេ។
លុះពេលថ្នាក់លើចុះត្រួតពិនិត្យ គឺឃើញសុទ្ធតែឈើមានច្បាប់ស្រួលមិនស្រួលថ្នាក់លើ អត់ដឹងរឿងលួចសរសើរថា ក្រុមហ៊ុនត្រឹមត្រូវទៀត។ ចំណែកឧកញ៉ា តុប វីយ៉ាដា ដែលគេស្គាល់ថា ជាមេការកាន់កាប់ខាងឈើនេះ ពីមុនមើលការឲ្យឧកញ៉ា ទ្រី ភាព នៅឯខេត្តស្ទឹងត្រែងឯណោះ ព្រោះខ្លួនមានតួនាទីជាយោធានៅភូមិភាគ១ស្រាប់។
ឥឡូវទំនងនៅខេត្តស្ទឹងត្រែងស្បើយឈើកាប់ និងដឹកជញ្ជូនហើយមើលទៅ ទើបគេបញ្ជូនអោយទៅធ្វើមេការនៅខេត្តមណ្ឌលគិរីវិញបែបនេះ។
ចំពោះព័ត៌មានខាងលើនេះ ក្រុមហ៊ុន ទ្រី ភាព បានបដិសេធថាមិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនយូនីហ្គ្រីននោះទេ ប៉ុន្តែបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ច និងអាជ្ញាធរ បានអះអាងថា ក្រុមហ៊ុនយូនីហ្គ្រីន មានទំនាក់ទំនងជាមួយក្រុមហ៊ុន ទ្រី ភាព៕