(ភ្នំពេញ)៖ នៅលើទំព័រ Facebook សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់មន្ទីរពេទ្យគន្ធបុប្ផាថា ដែលក្នុងរយៈពេល២៤ឆ្នាំមកនេះ បានជួយសង្រ្គោះកុមារកម្ពុជា ១៤លាននាក់ និងចំណាយថវិកាសរុប ៦០០លានដុល្លារ ។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ឬមន្ទីរពេទ្យទេវតា បានប្រកាសតាមបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួន របស់លោកថា ក្នុងរយៈពេល២៤ឆ្នាំ កន្លងទៅ មន្ទីរពេទ្យគន្ធរបុប្ផា បានព្យាបាលកុមារកម្ពុជា រហូតដល់ជាង ១៤លាននាក់ និងចំណាយថវិកាសរុបទាំងអស់ជិត៦០០ លានដុល្លារអាមេរិក នេះបើយោងតាម Facebook សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិក្ផ ចំនួន២៥០០នាក់ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ លើផ្នែកព្យាបាល ការវះកាត់ទូទៅ ការវះកាត់បេះដូង និងប្រព័ន្ធប្រសាទ ដោយមានកំរិតស្តង់ដារ ដូចនៅប្រទេសស្វីស។
ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ មានកុមារ កម្ពុជាឈឺចំនួន១៤,៨៣៧,១៥៥នាក់ ដែលទទួលបានពិនិត្យនិងព្យាបាល។ ក្នុងនោះកុមារមានជំងឺ និងរបួសធ្ងន់ ចំនួន១,៥១៦,៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយ ដែល៨០%នៃកុមារទាំងនោះ នឹងពុំមានសំណាងល្អទេ បើពុំបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយនេះ។
តាមរបាយការណ៍ដែលទទួលបានពីប្រធានមន្ទីរពេទ្យឲ្យដឹងថា ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាល នៅមន្ទីរពេទ្យនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ។ រយៈពេល២៤ឆ្នាំកន្លងផុតទៅនេះ មូលធិនិមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយ ថវិការអស់ចំនួន៥៦៣លាន ដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមថវិកាទាំងនេះ ៤,៧% បានមកពីការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជាព្រមទាំងសប្បុរសជននានា។ ៨,៩% បានមកពីការវិភាគទានរបស់រដ្ឋាភិបាលស្វីស៕