(ភ្នំពេញ)៖ នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ បង្កើនការហាត់ប្រាណ និងចូលរួមថែរក្សាអនាម័យ នៅតាមទីសួនសាធារណៈនានា ដែលជាកន្លែងហាត់ប្រាណ ដើម្បី ប្រើប្រាស់បានយូរអង្វែង។

សម្តេចបានលើកឡើងថា «ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់វ័យ បង្កើនការហាត់ប្រាណដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយនៅក្នុងសង្គមប្រកបដោយសន្តិភាព និងស្ថេរភាព ហើយក៏សូមពលរដ្ឋជួយថែរក្សាអនាម័យនៅតាមទីកន្លែងហាត់ប្រាណ និងជួយថែរក្សាសំភារះហាត់ប្រាណ ដែលជាសម្បត្តិសាធារណៈឱ្យនៅល្អដើម្បីពលរដ្ឋអាចប្រើប្រាស់បានយូរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចតែងតែមានគំនិតជំរុញការហាត់ប្រាណនេះ និងបានគិតដល់ការរៀបចំទីកន្លែងសាធារណៈ ដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ប្រាណ។ សម្តេចបានចេញបទបញ្ជាទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាង១ទស្សវត្សកន្លងមកហើយ ដែលធ្វើអោយសាលារាជធានីភ្នំពេញនិងបណ្តាខេត្តបានរៀបចំសួនច្បារសាធារណៈដែលពីមុនសុទ្ឋសឹង ជាដីក្រហម គឺបានកែប្រែចាក់ជាការីឡា (កម្រាលឥដ្ឋ និងបេតុងកុំអោយប្រឡាក់ជើង) ។

សម្តេចថា «ខ្ញុំសូមកោតសសរសើរសាលារាជធានី និង អាជ្ញាធរខេត្តទាំងអស់ដែលបានយកចិត្តទុកដាក់អនុវត្តិន៍បទបញ្ជានេះដែលមិនត្រឹមតែលើក សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកសុខភាពពលរដ្ឋរបស់យើង ក្នុងការនាំកូនចៅទៅដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំ ការហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់ពួគគាត់»។

សម្តេចបានរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅហាត់ប្រាណនៅតាមសួនច្បារ មិនថាពេលព្រឹក ពេលល្ងាច ឬពេលយប់ ដែលការហាត់ប្រាណទាំងនេះ បានបង្កើននូវសុខភាព និងកាត់បន្ថយជំងឺទាំងឡាយ បន្ថែមទៅដោយសា្មរតីមិត្តភាព សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋដែលមកហាត់ប្រាណជាមួយគ្នា៕