(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាញឹកញាប់ និងដើរកាច់កម៉ូតូ នៅជាច្រើនកន្លែង ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះ ឥឡូវអស់ល័ក្ខត្រូវកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមចាប់បានព្រមទាំង ដកហូតសម្ភារជាច្រើនផងដែរ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃម្សិលមិញ នៅតាមផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោយពីធ្វើ ការស្រាវជ្រាវអស់រយៈពេលជាយូរមកហើយនោះ។ មន្រ្តីនគរបាលរូបនេះ បាន បញ្ជាក់ទៀតថា ក្រៅពីការធ្វើសកម្មភាពនៅរាជធានីភ្នំពេញ ទាំងកាច់កម៉ូតូ និង គាស់ផ្ទះប្រជាពលរដ្ឋនោះ ជនសង្ស័យបានឆ្លងទៅធ្វើសកម្មភាពនៅតាមខេត្តទៀត ដូចជា នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប៉ុន្តែក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាល ជំនាញក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ស្នងការ បានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតចាប់បានតែម្តង។
សម្រាប់ជនសង្ស័យទាំង២នាក់ អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃស្អែកនេះ៕