(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី ព្រមទាំងលោកយាយឧបាសិកា ហ៊ុល រ៉េន ម្តាយរបស់ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយសហការី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបានឧបត្ថម្ភស្បៀងអាហារ ភេសជ្ជៈ និងថវិកាជូនដល់លោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ១៦គ្រួសារ នៅស្រុកកំណើត ស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា ដែលត្រូវបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន មី០១កេស ,ទឹកបរិសុទ្ធចំនួន ០១កេស ,ទឹកដោះគោខាប់ ០២កំប៉ុង ,ស្ករស១ គីឡូក្រាម ត្រីខ ០៥កំប៉ុង ,ធូបទាន ០១ដុំ និងថវិកាមួយចំនួន។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា អំណោយទាំងនេះគឺជាការបរិច្ចាគថវិការផ្ទាល់ខ្លួនរបស់លោក និងអ្នកម្តាយ ហើយក៏មានការចូលរួមពីសប្បុរសជន នានា បានរួមចំណែកដើម្បីជួយសម្រួលដោះស្រាយដល់ជីវភាពលំបាកខ្វះខាតរបស់លោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌបានមួយគ្រាផងដែរ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៀតថា ដោយសារគុណតម្លៃនៃសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យដូចជា បណ្ដាញទឹកស្អាត សម្រាប់ប្រើប្រាស់ដល់លំនៅដ្ឋាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែង ភ្លើងអគ្គីសនី ដែលពីមុន ភូមិស្រុកពុំដែលមាន។
លោកបានបន្ថែមថា ដោយសារគុណតម្លៃនៃសន្តិភាពនេះ ទើបធ្វើឲ្យយើងគ្រប់គ្នាអាចមកធ្វើបុណ្យដាក់ទានតាមប្រពៃណីជាតិខ្មែរបានដូចសព្វថ្ងៃនេះ ដែលពីមុនកន្លែង នេះជាទីសមរភូមិប្រយុទ្ធគ្នា ហើយក្នុងរបបវាលពិឃាដ ប៉ុល ពត វត្តអារ៉ាមជាកន្លែងឃ្លាំងស្តុកស្រូវ និងជារោងបាយសម្រាប់ហូបអាហាររួមគ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវ ចងចាំត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានតកូន តចៅជំនាន់ក្រោយ និងសូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ។
លោកយាយ លោកតា ជនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រ បានថ្លែងអំណរគុណលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងលោកយាយឧបាសិការ ហ៊ុល រ៉េន រួមជាមួយសហការី និងសូមឧទ្ទិសកុសលផលបុណ្យនេះបានទៅដល់អ្នកមានគុណ ជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តានរបស់លោកកុំបីខានឡើយ៕