(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកម៉ូតូចំនួន៣គ្រឿង, អាវចំនួន១០០អាវ ព្រមទាំងថវិកាមួយចំនួនរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្ត្រីនគរបាលស្រុកលើកដែក ជិត១០០នាក់ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯអធិការដ្ឋាននគរបាលស្រុកលើកដែក។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក្រើនរំឮកដល់កងកម្លាំងនគរបាលស្រុកលើកដែក ជិត១០០នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឱ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនប្រជាពលរដ្ឋ កំលុងពេលបុណ្យភ្ជុំបិណ្ឌនេះ ធ្វើយ៉ាងណា ការពារឱ្យបានមិនឱ្យរូបភាពអសន្តិសុខណាមួយកើតឡើងជាដាច់ខាត។
លោកឧត្តមសេនីយ៍ទោ ក៏បាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍ នេត សាវឿន ដែលជានិច្ចកាលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទាំងអស់ទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានកោតសរសើរកងម្លាំងនគរបាលស្រុកលើកដែក ដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៏ជំរុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកលើកដែកទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ក៏បានសង្កត់ធ្ងន់ចំណុចសំខាន់គឺបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដោយត្រូវថែទាំងសុខភាពខ្លួនឱ្យបានល្អ ជួយផ្សព្វផ្សាយវិធានការកូវីដ-១៩ទៅដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីបញ្ជាបការយល់ដឹង និងការប្រុងប្រយ័ត្នបន្ថែមទៀត ដ្បិតកម្ពុជាយើងមិនមានការឆ្លងទ្រង់ទ្រាយធំ ប៉ុន្តែកុំធ្វេសប្រហែសឱ្យសោះគឺត្រូវតែប្រយ័ត្នជានិច្ច។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានកោតសរសើរទឹកចិត្តលោកអភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា ដែលបានឧបត្ថម្ភអង្ករ និងគ្រឿងឧបភោគបរិភោគដល់កម្លាំងទាំងអស់នៅមូលដ្ឋានស្រុកលើកដែក៕