(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ បានដឹកនាំស្នងការរង និងមន្រ្តីនគរបាល ក្រោមឱវាទមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសព លោក កាយ ផល អតីតប្រធាន ការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានចូលនិវត្ត ហើយបានទទួលមរណភាពកាលពីម្សិលមិញ។
នៅក្នុងពិធីបុណ្យ សពអតីតមន្រ្តីនគរបាលរបស់ខ្លួន ដែលប្រារព្ធធ្វើឡើង នៅគេហដ្ឋាន នាក្រុងសិរីសោភ័ណ លោកស្នងការ អាត់ ខែម បាននាំយកថវិកាចំនួន៩លានរៀល ទៅប្រគល់ជូនភរិយា និងកូនៗ របស់សពផងដែរ ក្នុងនោះ ថវិកា៤លានរៀល បានមកពីសមាគមមិត្តនគរបាលជាតិ ៤លានរៀល បានមកពីសមាគមអតីត យុទ្ធជនកម្ពុជា និង១លានរៀលទៀតបានមកពីការបរិច្ចាគ របស់លោកផ្ទាល់ និងមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។ នៅចំពោះភរិយា និងក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន សមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ នេត សាវឿន និងថ្នាក់ដឹកនាំចំពោះ ការបាត់បង់ជីវិត អតីតនគរបាលដែលធ្លាប់ចូលរួមបម្រើ ប្រទេសជាតិ និងប្រជាពលរដ្ឋ ជាច្រើនឆ្នាំមកនោះ។
សូមបញ្ជាក់ថា លោក កាយ ផល អាយុជាង៦០ឆ្នាំ ពីមុនជាប្រធានការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណ ហើយក្រោយពីចូលនិវត្ត លោកមានជំងឺប្រចាំកាយ រហូតទទួលមរណភាព នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦តែម្តង៕