(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ បានដឹកនាំគណៈស្នងការ នាយការិយាល័យជំនាញ អធិការនគរបាលស្រុក-ក្រុង នាំយកទេយ្យវត្ថុ និងទេយ្យទានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឆ្ពោះទៅកាន់បិណ្ឌទី១៣ ស្ថិតនៅវត្តឧបុលគីរី ហៅវត្ដទួលសំបួរ និងនិមន្ដព្រះសង្ឃចំនួន០៣វត្តផ្សេងទៀត នៅក្នុងឃុំទួលសំបួរ ក្នុងនោះមានវត្ដស្រែក្រូច វត្តវាលព្រះ និងវត្ដស្រែអំពៅ ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រគេនទេយ្យវត្ថុ និងទេយ្យទាន សម្រាប់វត្ដចំនួន០៤ និងព្រះសង្ឃចំនួន២០អង្គ រួមមាន ប្រគេនបច្ច័យកសាង, ស្លាដក់, ប្រេងម៉ាស៊ូត, ម៉ាស, ជែលលាងដៃ និងគ្រឿងឧបភោគ បរិភោគ សរុបជាថវិកាចំនួន៤,៦៤០,០០០រៀល។

លោកស្នងការបានជូនបច្ច័យ និងសារុង ដល់គណៈកម្មការវត្ត, តាអាចារ្យ, តាជី យាយជី, មេឃុំ, មេភូមិ, ប្រជាពលរដ្ឋ, កម្លាំងនគរបាលប៉ុស្តិ៍, កម្លាំងប្រជាការពារ, បងប្អូនខ្មែរឥស្លាម និងឧបត្ថម្ភថវិកា ដល់វេនកាន់បិណ្ឌ ចំនួន១៦៨នាក់ សរុបជាថវិកាចំនួន៥,៣៧៧,០០០រៀល។ ឧបត្ថម្ភវិទ្យុទាក់ទង ជូនប្រជាការពារ ក្នុងភូមិទួលសំបួរ ចំនួន០២គ្រឿង និងភូមិពោន ចំនួន០៨គ្រឿង និងប្រេងម៉ាស៊ូតចំនួន០១កាន សរុបជាថវិកាចំនួន១,៣០០,០០០រៀល។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានបន្ដនាំយកទេយ្យវត្ថុ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅវត្តគុហាគង្គា ហៅវត្តព្រះអង្គគុក ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មួយកន្លែងទៀតផងដែរ៕