(ក្រចេះ)៖ លោកកិត្តិនិតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តក្រចេះ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តរដ្ឋបាលរាម ហៅវត្តប៉ាឆា ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការនគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់ លោកខាងមុខ។
នៅក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានោះលោកបណ្ឌិត អ៉ឹម ឈុនលឹម និងលោកស្រី បានបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធ ក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តរដ្ឋបាលរាម និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ពិធីរាប់បាត្រព្រះសង្ឃ ១៨អង្គ វេរនូវវារកភត្ត ប្រចាំវេនទី១៣ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ និងបង្សុកូល រួមនិងការផ្សាយមេត្តា និងឧទ្ទិសកុសលអានិសង្ឃ ជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការ ស៊ីវិល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលីនិងទទួលមរណភាព។
នាឱកាសនេះដែរលោកបណ្ឌិត អ៉ឹម ឈុនលឹម បានឱ្យដឹងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅតែងតែគោរពទៅតាមប្រពៃណី ទំនៀម ទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ដែលកកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនឹងការអភិវឌ្ឍន៍ និងវិនិយោគ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។
សម្រាប់ខេត្តចេះឃើញថា មានការរីកចម្រើនគួរឲ្យគត់សម្គាល់នូវវិស័យព្រះពុទ្ធសាសនា វិស័យកសិកម្ម និងទេសចរណ៍ ប៉ុន្តែទន្ទឹមនឹងនោះបញ្ហាប្រឈមមុខនៅពេលនេះ យើងទាំអស់គ្នាត្រូវគោរព និងអនុវត្តនតាមវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវធ្វេសប្រហេសឡើយត្រូវរក្សា អនាម័យ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលទៅក្នុងសងគមន៍ តាមរយៈវិស័យព្រះពុទ្ធសាសនា និងវិស័យទេសចរណ៍ និងការគោរព ច្បាប់ចរាចរណ៍។
លោកបណ្ឌិត អ៉ឹម ឈុនលឹម បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បី ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន និងការចូលទស្សនាកម្សាននៅរមណីយដ្ឋាននានា ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការបង្ការ។
សូមបញ្ជាក់ថា ក្នុងពិធីឆ្លងកាន់បិណ្ឌវេនទី១៣នេះ លោក បណ្ឌិត អ៉ឹម ឈុនលឹម និងលោកស្រី ព្រមទាំងលោក លោកស្រី បានប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ ប្រគេនព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ និងតាជីយាយជី សរុបអស់ចំនួន ២៦លានរៀល៕