(បន្ទាយមានជ័យ)៖ លោក សុខ ចន្ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសក្នុងពេលធ្វើដំណើរនៅលើដងផ្លូវនានា ដើម្បីការពារអាយុជីវិតខ្លួនឯង និងធ្វើដំណើរអ្នកដទៃទៀតលើដងផ្លូវ។
ការអំពាវនាវបែបនេះ របស់លោក សុខ ចន្ថា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដោយសហការជាមួយការិយាល័យចរាចរណ៍ខេត្ត និងមានការចូលរួមពីសំណាក់ក្រុមយុវជនសាខាកាកបាទក្រហមខេត្តជាច្រើនរូប ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក សុខ ចន្ថា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនៅខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ និងរបួសពិការជាច្រើននាក់ដែលបណ្តាលមកពីកត្តា ៦យ៉ាងរួមមានទី១៖ ការបើកបរហួសល្បឿនកំណត់ដែលធ្វើឱ្យបាត់បង់ម្ចាស់ការ នៅពេលមានឧបសគ្គដោយចៃដន្យ, ទី២៖ បើកបរនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន អត់ងងុយខ្លាំង ហេវហត់ខ្លាំង អនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព, ទី៣៖ ការមិនគោរពសិទ្ធអាទិភាពនៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវដែលមានប្រសិទ្ធភាព, ទី៤៖ បើកបរជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន, ៥៖ បើកបរមិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ និងទី៦៖ ការបត់ឆ្វេង ឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម គ្រោះថ្នាក់ចរាចរណ៍នេះកំពុងក្លាយជាបញ្ហាដ៏ធំរបស់លោកអភិបាលខេត្ត។
លោក សុខ ចន្ថា បានបន្តថា ក្រោយធ្វើការផ្សព្វផ្សាយឱ្យមន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។ ក្នុងនោះមន្ត្រីសាធារណៈការ មន្ត្រីចរាចរណ៍ និងយុវជនសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានចែកខិតប័ណ្ណជូនអ្នកដំណើរក្នុងខិតប័ណ្ណនោះ និយាយអំពីការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ក្នុងនោះមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ បានចែកមួកសុវត្ថិភាពជូនបងប្អូនអ្នកធ្វើដំណើរដែលឆ្លើយនឹងសំណួរត្រូវក្នុងមួយថ្ងៃមានចំនួន៤០មួក ដែលមួកមួយមានតម្លៃ៣០ដុល្លារ។
ក្នុងនាមជាមន្ត្រីរាជការមួយរូបលោក សុខ ចន្ថា បានគូសបញ្ជាក់ថា លោកមិនចង់ឃើញប្រជាពលរដ្ឋណាម្នាក់ មានគ្រោះថ្នាក់ដោយសារចរាចរណ៍នោះទេ ជាពិសេសសូមធ្វើចរាចរណ៍នៅលើដងផ្លូវនានា ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងជៀសវាងជិះម៉ូតូវ៉ាស្តាំ។ ចំពោះប្រជាពលរដ្ឋ ដែលជិះរថយន្តត្រូវពាក់ខ្សែវ៉ាត់ឱ្យបានត្រឹមត្រូវមុនចេញដំណើទោះជិត ឬឆ្ងាយក្តីដើម្បីសុវត្ថិភាព។
លោក សុខ ចន្ថា និងមន្ត្រីពាក់ព័ន្ធទាំងអស់បានចូលរួមឧទ្ទិសកុសលជូនអ្នកដែលស្លាប់ដោយសារគ្រោះចរាចរណ៍ទាំងអស់ ឱ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ៤០មួក ក្នុងមួយថ្ងៃនេះផងដែរ៕