(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាប់ខ្លួនស្ដ្រីម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន២២ម៉ឺនដុល្លារ។
តាមដីកាបញ្ជាឲ្យចូលខ្លួនបង្ហាញថា ស្ដ្រីខាងលើឈ្មោះ លឹម សារ៉េត អាយុ៥៦ឆ្នាំ មានទីលំនៅផ្ទះលេខ៨ដេ ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ កប សំអាន រស់នៅក្រុម៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយការស៊ើបអង្កេតរបស់មន្ដ្រីនគរបាលយុត្តិធម៌ យល់ឃើញថា មានការសង្ស័យលើជនប្រព្រឹត្តបទល្មើស ដូចការរៀបរាប់របស់ដើមបណ្ដឹង ក្នុងអំពើឆបោកប្រាក់ ចំនួន២២ម៉ឺនដុល្លារ ពាក់ព័ន្ធការទិញដីមួយកន្លែង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបសុំដីការបស់ព្រះរាជអាជ្ញាដើម្បីចាប់ខ្លួនតែម្ដង៕