(ភ្នំពេញ)៖ រថយន្តសង្រ្គោះបន្ទាន់ ១គ្រឿង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី ត្រូវបាននាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទប្រគល់ជូនអង្គភាពយោធភូមិភាគពិសេសនាព្រឹកថ្ងៃទី៣០ ខែមករា នេះ។
លោកឧកញ៉ា ជា រតនា បានឱ្យដឹងថានេះជា រថយន្តសង្រ្គោះបន្ទាន់ទី១៦ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ជូនអង្គភាពកងទ័ព និងស្ថាបន័ស៊ីវិល ដែលមានតម្រូវការចាំបាច់សម្រាប់បម្រើឱ្យកងទ័ព និង ជួយសង្រ្គោះបន្ទាន់ចំពោះប្រជាជន ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។
ឧត្ដមសេនីយ៍ឯក ព្រំ ឌិន មេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែគិតគូរពីសុខមាលភាពកងទព័និងប្រជាពលរដ្ឋ។
ជួសមុខឱ្យកងយោធពលខេមរៈភូមិន្ទ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែដឹងពីសុខទុក្ខ និងសុខភាពប្រជាជន និងកងទ័ពគ្រប់កាលៈទេសៈ។
លោក បានគូសបញ្ជាក់ថា រថយន្តសង្រ្គោះបន្ទាន់នេះ ត្រូវយកទៅបម្រើការងារឱ្យចំទិសដៅក្នុងការជួយសង្រ្គោះគ្រួសារកងទ័ពនិងប្រជាជន ដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយបម្រើផលប្រយោជន៍រួមសាធារណៈ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្ករ ៥តោន ត្រីខ ១០កេះ ជូនអង្គភាពយោធភូមិភាគពិសេស ១០លានរៀល នាយទាហានចូលរួម ៣៥០នាក់ក្នុងម្នាក់ៗ ២ម៉ឺន រៀលផងដែរ៕