(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ សុទ្ធតែបានបង្ហាញឆន្ទៈដូចៗគ្នា ដោយចង់ឃើញមានជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា ដើម្បីជួយឲ្យវិស័យទេសចរណ៍វាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
ឆន្ទៈរបស់ភាគីទាំងពីរ បានបង្ហាញឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស ក្នុងឱកាសដែលលោកប្រមុខការទូតកម្ពុជា អនុញ្ញាតឲ្យលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកស្រីបញ្ចប់បេសកកម្មការទូត ដោយជោគជ័យនៅកម្ពុជា។
សម្រាប់វិស័យទេសចរណ៍ មុនសម័យកូវីដ១៩ផ្ទុះឡើង ជនជាតិឥណ្ឌាមកលេងកម្ពុជាមានការកើនឡើង ដែលឆ្នាំ២០១៨ មានជាង ៦ម៉ឺននាក់ និងឆ្នាំ២០១៩ កើនដល់ ៧៥ម៉ឺននាក់។ កម្ពុជានិងឥណ្ឌា សុទ្ធតែមានសុទិដ្ឋិនិយមថា បើសិនជាមានជើងហោះហើរត្រង់វាងប្រទេសទាំងនោះ វិស័យទេសចរណ៍ នឹងមានភាពរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត ហើយក៏ជួយឲ្យធុរកិច្ចជននៃប្រទេសទាំងពីរ កាន់តែងាយស្រួលក្នុងការធ្វើធុរកិច្ចផងដែរ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីជំនួបរវាងប្រមុខការទូតខ្មែរ និងទូតឥណ្ឌានៅខ្មែរចប់អាណត្តិ លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «នេះជាសេចក្តីផ្តើមមួយ ដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីឯកអគ្គរដ្ឋទូត គិតគូរឲ្យជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាអ្នកជំនួញរវាងប្រទេសជាងពីរ»។
បន្ថែមលើនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ដោយធ្វើឲ្យទំហំពាណិជ្ជកម្មវាងកម្ពុជា និងឥណ្ឌា មានការកើនឡើងជាលំដាប់។ កាលពីឆ្នាំ២០១៨ មានចំនួន ២០៥លានដុល្លារតែប៉ុណ្ណោះ លុះឆ្នាំ២០១៩ កើនដល់ ២៥០លានដុល្លារ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានឲ្យដឹងបន្ថែមថា ក្នុងឱកាសនោះ លោកស្រី Manika Jain បានសម្តែងការថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលផ្តល់ការគាំទ្រយ៉ាងពេញលេញ ធ្វើឲ្យបេសកកម្មលោកស្រី បានជោគជ័យយ៉ាងត្រចេះត្រចង់។ លោកស្រី សង្កេតឃើញថា ក្នុងការបំពេញបេសកកម្មជិត ៣ឆ្នាំរបស់លោកស្រី ទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា កាន់តែមានការរីកចម្រើនជាងមុនផងដែរ៕