(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ញើសារអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២០ និងជាខួបលើកទី៣៥ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៣ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៧។
ថ្ងៃទី១៦ ខែកញ្ញា ត្រូវបានលេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៥មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសាម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទដល់សមិទ្ធផល និងវឌ្ឍនភាពជាច្រើន ដែលរួមគ្នាសម្រេចបានសំដៅឆ្ពោះ ទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។
ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល លោក សាយ សំអាល់ សូមចូលរួមអបអរសាទយ៉ាងកក់ក្តៅជាមួយរដ្ឋាភិបាល និងបណ្ដាប្រជាជាតិចំនួន១៩៧ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ នៃកិច្ចការពារស្រទាប់អូហ្សូន-Ozaone for Life 35 Years of Ozaone Layer Protection» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដីយើងនេះ និងឱ្យបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាការពារស្រទាប់អូហ្សូន។
ក្នុងសារលិខិតដដែលបានឱ្យដឹងថា ទោះបីជាឆ្នាំនេះមានការរាតត្បាតនូវជំងឺកូវីដ-១៩ ដែលបង្កការលំបាកដល់សង្គម និងសេដ្ឋកិច្ចយ៉ាងធ្ងន់ក៏ដោយ ក៏យើងមិនអាចបំភ្លេចនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺត្រូវខិតខំរួមគ្នាថែរក្សាការពារស្រទាប់អូហ្សូន របស់យើង។ ដូចដែលពាក្យស្លោកឆ្នាំនេះ បានសបញ្ជាក់ច្បាស់ស្រទាប់អូហ្សូន មិនត្រឹមតែមានសារៈសំខាន់ សម្រាប់ជីវិតនៅលើភពផែនដី ហើយត្រូវថែរក្សាការពារ សម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែបន្តថែរក្សាការពារស្រទាប់អូហ្សូន ឱ្យបានស្ថិតស្ថេរចីរកាលសម្រាប់មនុស្សជំនាន់ក្រោយៗ ផងដែរ។
រហូតមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិជាច្រើន នៅលើពិភពលោកយើង បានលុបបំបាត់ស្ទើរទាំងស្រុងនូវសារធាតុបំផ្លាញស្រទាប់អូហ្សូន ហើយយើងសង្ឃឹមថាស្រទាប់អូហ្សូននឹងរួមភ្ជិតមកវិញ នៅក្នុងទសវត្សរ៍ឆ្នាំ២០៥០ ខាងមុខ។
ដោយហេតុថាសារធាតុបំផ្លាញស្រទាប់អូហ្សូន ជាសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកំដៅខ្ពស់ កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ក្នុងការអនុវត្តពិធីសារ ម៉ុងរ៉េអាល់ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកើនកំដៅភពផែនដី។ ជាក់ស្តែង ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាសប្រមាណ១៣៥កោដិតោន។
ជាមួយគ្នានេះ ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូន ក៏ត្រូវបានភ្ជិតចន្លោះពី១-៣% ក្នុងមួយឆ្នាំ ដែលការភ្ជិតទាំងស្រុងនឹងកើតមានឡើងនៅឆ្នាំ២០៣០ នៅប៉ូលខាងជើង និងឆ្នាំ២០៥០ នៅប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតមកវិញនូវស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹងអាចទប់ស្កាត់ការកើនកំដៅផងដែរ តាមរយៈការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់។
លោក សាយ សំអាល់ បានបន្ថែមថា ក្នុងនាមរដ្ឋភាគីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូកាបូន ទាំងស្រុង ក្នុងឆ្នាំ២០១០ ហើយកម្ពុជាក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមកាតព្វកិច្ចរបស់ ពិធីសារម៉ុងរ៉េអាល់។ ទន្ទឹមនេះកម្ពុជានឹងបន្តគាំទ្រ និងអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារ ម៉ុងរ៉េអាល់ ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក្នុងក្ដីសង្ឃឹមកាត់បន្ថយការកើនកំដៅភពផែនដី បានរហូតដល់០,៥សេ នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិត្យ និងកាត់បន្ថយការប្រើប្រាស់សារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន។
ក្នុងន័យនេះ ប្រទេសកម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាព នៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកំដៅខ្ពស់។
ទន្ទឹមនឹងនេះដែរលោក សាយ សំអាល់ បានចាត់ទុកការប្រារព្ធ «ទិវាអូហ្សូនពិភពលោក» នេះ គឺជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មីពណ៌ស្វាយ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការកាត់បន្ថយការកើនកំដៅភពផែនដី។ លោកក៏មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់សហគមន៍អន្តរជាតិ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់ មករកស្ថានភាពដើមវិញនៅពាក់កណ្ដាលសតវត្សរ៍ទី២១នេះ៕