(កំពង់ឆ្នាំង)៖ កុមារីអាយុ១៣ខែម្នាក់ បានដាច់ខ្យល់ស្លាប់ភ្លាមៗ ខណៈដឹកយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ដោយសារតែចាប់យកត្រីអណ្តាតឆ្កែដែលនៅរស់យកមកខាំចៃដន្យត្រីនោះ បានត្បុលចូលទៅក្នុងបំពុងក បណ្តាលអោយស្ទះខ្យល់ដកដង្ហើម និងរួចប្រកាច់ដាច់ខ្យល់ស្លាប់ ។ ហេតុការណ៏នេះបានកើតឡើង នៅនិងផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា កុមារីរងគ្រោះខាងលើឈ្មោះ ឆៃ ឈិតលីយូលីន អាយុទើបតែ ១៣ខែ មានម្តាយឈ្មោះ ថុង សៅលី អាយុ២២ឆ្នាំ ឪពុកឈ្មោះ សឿន រ៉ាឈីត អាយុ២៦ឆ្នាំ ពីរនាក់ប្តីប្រពន្ធមានមុខរបរជាកម្មករោងចក្រមានទីលំនៅ ក្នុងភូមិឃុំខាងលើ បានទុកកូនផ្ញើអោយនៅជាមួយជីដូន ឈ្មោះ ធឿន អាយុ៥៣ឆ្នាំជាអ្នកមើលថែរពេលឪពុកម្តាយទៅធ្វើការ។
នៅថ្ងៃកើតហេតុ លោកយាយ ធឿន ដែលត្រូវជាជីដូនបង្កើតរបស់កុមារីរងគ្រោះបានទិញត្រីអណ្តាតឆ្កែពីអ្នកលក់តាមម៉ូតូចំនួនកន្លះគីឡូ យកមកធ្វើម្ហូប ពេលទិញបានមកលោកយាយ យកត្រីមកដាក់លើគ្រែ ហើយទៅដងទឹក ពេលត្រឡប់មកវិញឃើញចៅ ប្រកាច់ស្លខ្យល់ និងមានឈាមចេញពីក្នុងមាត់ផង ឃើញដូច្នោះបានស្រែកហៅអ្នកជិតខាងអោយមកជួយ ពេលនោះគេបានហែកមាត់មើលឃើញត្រីអណ្តាតឆ្កែ ចូលទៅក្នុងបំពង់កកុមារីនោះ ដោយឃើញតែកន្ទុយត្រីនៅកណ្តាលបំពង់ក មិនអាចជួយបានក៏ដឹកកុមារីរងគ្រោះយកទៅមន្ទីរពេទ្យ ពេលទៅដល់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕