(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។
តាមរយៈលិខិតបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានបដិសេធយ៉ាងដូច្នេះថា «ចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។
ជាមួយការច្រានចោលព័ត៌មាននេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានអំពាវនាវដល់សមត្ថកិច្ចតាមស្វែងរកជនផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ដោយចុះផ្សាយព័ត៌មានមិនពិត យកផ្តន្ទាទោសទៅតាមច្បាប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានចេញមកច្រានចោលនូវព័ត៌មានខាងលើនេះផងដែរ និងអះអាងថា នេះជាព័ត៌មានបំផ្លើសការពិត មានលក្ខណបំពុលសង្គម ដូច្នេះអ្នកនាំពាក្យរដ្ឋបាលខេត្ត សូមធ្វើការបដិសេធចោលទាំងស្រុងនូវខ្លឹមសារទាំងអស់នេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook «Gỗ Đá Đăng Tâm» របស់ជនជាតិចិនវៀតណាមមួយរូប ជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន «ដាក់ទីតាំង (Check in)» នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ការបង្ហោះរូបភាពដោយដាក់ «Check in» នៅក្នុងខេត្តមណ្ឌលគិរី នាំឱ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។
បន្ទាប់ពីឃើញមានប្រតិកម្មបែបនេះ ម្ចាស់គណនី Facebook រូបនេះ ក៏បានចេញមកកែតម្រូវ ហើយក៏បានសុំទោសផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួនសម្រាប់ការ «Check in» ដែលនាំឲ្យមានការភ័ន្ដច្រឡំ។ បុរសជនជាតិវៀតណាមរូបនេះ បានបញ្ជាក់ថា ថ្មត្បូងទាំងអស់នេះ ខ្លួនបាននាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ីជាដើម៕