(តូក្យូ)៖ រ៉េអាក់ទ័រនុយក្លេអ៊ែទី៣ នៃរោងចក្រ Takahama ជារោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែ បានចាប់ផ្តើមដំណើរការឡើងវិញហើយ នៅថ្ងៃសុក្រម្សិលមិញនេះ នៅតំបន់ភាគខាងលិច ខេត្ត Fukui ប្រទេសជប៉ុន នេះបើតាមសារព័ត៌មាន Asahi ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។
វាគឺជារ៉េអាក់ទ័រនុយក្លេអ៊ែទី៣ហើយ ដែលបានបើកដំណើរការឡើងវិញ ដោយស្ថិតនៅក្រោមច្បាប់សុវត្ថិភាពយ៉ាងតឹងរឹង បន្ទាប់ពីមានគ្រោះមហន្តរាយ ផ្ទុះរោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែ នៅទីក្រុង Fukushima ក្នុងឆ្នាំ២០១១ ដោយសារគ្រោះរលកយក្សស៊ូណាមិ វាយប្រហារ។ រ៉េអាក់ទ័រ នៅក្នុងរោងចក្រ Kansai Electric Power Co. ក៏គ្រោងនឹងដំណើរការពាណិជ្ជកម្ម នៅចុងខែកុម្ភៈផងដែរ បន្ទាប់ពីគម្រោងប្រតិបត្តិការសាកល្បង នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ។ វាក៏ជារ៉េអាក់ទ័រ ប្រើកំដៅព្លុយតានីញ៉ូមលើកដំបូង ដែលនឹងចាប់ផ្តើមដំណើរការឡើងវិញ នៅក្រោមអាជ្ញាធរច្បាប់នុយក្លេអ៊ែថ្មី។ តំបន់នៅជុំវិញឆ្នេរសមុទ្រ Wakasa Bay ជាទីតាំងនៃរោងចក្រផ្គត់ផ្គង់អគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែ មានផ្ទុកដោយរ៉េអាក់ទ័រចំនួន១៤គ្រឿង ដែលអាចផ្គត់ផ្គង់ថាមពល បម្រើដល់ប្រជាជនប្រមាណ ១៨០,០០០នាក់ ដែលរស់នៅក្នុង១២ក្រុង នៃខេត្ត Fukui, Kyoto និងខេត្ត Shiga៕