(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានចែកទេយ្យទានដល់ពលរដ្ឋងាយរងគ្រោះ ចំនួន១០គ្រួសារ នៅសាលាឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពីធីនេះក៏មានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះគ្រូចៅអធិការ វត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម, ព្រះគ្រូយន្តទិន្នោ នាង ភារុណ ជំនួយការសាលាអនុគណៈស្រុក និងជាព្រះគ្រូចៅអធិការវត្តបល្ល័ង្គ, ព្រះភិក្ខុសិរីធម្មរាជ ស្រី លីហួ ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះគ្រូសូត្រស្តាំវត្តព្រាល, ព្រះគ្រូ សុខ វីរៈ ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះគ្រូចៅអធិការអាស្រមតាសុត និងលោក ខែក សុផល មេឃុំពង្រ រួមនិងប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាថ្លែងអំណរគុណ នឹងដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើប្រទេសជាតិមានសុខសន្តិភាពពេញលេញ បន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើរទន្ទឹមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ រហូតដល់បច្ចុប្បន្ននេះ ។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាបន្តថា ការផ្តល់អំណោយនៅពេលនេះគឺដោយមើលឃើញពីការខ្វះខាត និងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ លើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាល ដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។
ព្រះមេត្តិសត្ថា វង្ស កុសល ក៏មានសង្ឃដីកា ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្ត តាមការ ណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID ១៩ កុំឱ្យកើតមាន នៅក្នុងគ្រួសារ និងនៅក្នុងសហគមន៍ និងត្រូវអប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងត្រូវខិតខំបង្កើន មុខរបររកចំណូលប្រចាំថ្ងៃ និងរួមគ្នាថែរក្សាសន្តិភាពឱ្យនៅគង់វង្ស។
លោក ខែក សុផល បានថ្លែងនូវព្រះរាជអំណរព្រះគុណដល់ព្រះមេត្តិសត្ថា វង្ស កុសល ដែលមានព្រះទ័យជ្រះថ្លាផ្តល់នូវទេយ្យទានចែកជូនដល់ប្រជាពលរដ្ឋងាយរង គ្រោះចំនួន១០គ្រួសារនាពេលនេះដែលទេយ្យទាននេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ទេយ្យទានដែលព្រះមេត្តិសត្ថា វង្ស កុសល ចែកជូនគ្រួសារងាយរងគ្រោះ១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី០១កេស, ទឹកស៊ីអ៊ីវ ទឹកត្រី១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល និងឧបត្ថម្ភថវិកាដល់មន្រ្តីអាជ្ញាធរឃុំមួយចំនួនផងដែរ៕