(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។
នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោកប្រមុខការទូតកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ ជាមួយលោកស្រី Manika Jain ផងដែរ ដែលពិធីនេះត្រូវបានរៀបចំដោយស្ថានទូតឥណ្ឌានៅភ្នំពេញ។
ក្រោមបេសកកម្មរបស់លោកស្រី គេសង្កេតឃើញថា ទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងឥណ្ឌា កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕