(ភ្នំពេញ)៖ ប្រតិភូប្រទេសកម្ពុជាជាច្រើនរូប បានចូលរួមកិច្ចប្រជុំតាមរយៈ Videoconference ជាមួយក្រុមការងារត្រួតពិនិត្យរួមគ្នានៃ ប្រទេសអាស៊ីប៉ាស៊ីហ្វិក ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាព លើផែនការសកម្មភាព ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅធនាគារជាតិនៃកម្ពុជា។
ក្នុងកិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដែលតំណាងភាគីកម្ពុជារួមមាន លោកស្រីប្រធានអង្គការស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៧ដូចជា ទីស្ដីការគណៈរដ្ឋមន្រ្ដី, ធនាគារជាតិនៃកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, គណៈកម្មការមូឡបត្រកម្ពុជា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងយុត្តិធម៌, ព្រះរាជអាជ្ញា, ចៅក្រម ឬអយ្យការ តុលាការ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គភាពប្រឆាំងអំពើពុករលួយ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្រុមប្រឹក្សាជាតិ គណនេយ្យជាង៦០រូប។
ដោយឡែកសម្រាប់ក្រុមអ្នកវាយតម្លៃនៃ ICRG-JG មានសមាសភាពមកពីប្រទេសចិន, ឥណ្ឌា, ជប៉ុន, អាល្លឺម៉ង់, អាមេរិក, បារាំង, អង់គ្លេស, អូស្រ្ដាលី, នូវែលសេឡង់, លេខាធិការដ្ឋាន APG, លេខាធិការដ្ឋាន FATA និងគណៈកម្មាធិការសហភាពអឺរ៉ុបសរុប៣២រូប។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំចំនួន៣លើកកន្លងមក កម្ពុជាទទួលបានការវាយតម្លៃលើការអនុវត្ត ផែនការសកម្មភាពបានជោគជ័យ មួយចំនួនរួចមកហើយ ហើយនេះជាកិច្ចប្រជុំលើកទី៤ ដែលប្រតិភូប្រទេសកម្ពុជា បញ្ជាក់បន្ថែមអំពីវឌ្ឍនភាពនៃ ការអនុវត្តផែនការសកម្មភាព ដែលនៅដក់សល់ដើម្បីឱ្យក្រុមអ្នកវាយតម្លៃនៃ ICRG-JG ពិនិត្យលើរបាយការណ៍ សម្រាប់ដាក់ជូនមហាសន្និបាត របស់ក្រុមការងារហិរញ្ញវត្ថុ FATF នាខែតុលាខាងមុខនេះ ដើម្បីពិនិត្យ និងសម្រេច។
បន្ទាប់ពីបានជួបប្រជុំជាមួយប្រតិភូតំណាងកម្ពុជា ក្រុមអ្នកវាយតម្លៃនៃ ICRG-JG បានកត់សំគាល់ពីកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការអនុវត្តន៍តាមផែនការសកម្មភាពដូចជា៖ បានដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាពអាវុធមហាប្រល័យ, ការពង្រឹងការអនុវត្តន៍ច្បាប់របស់បុគ្គលរាការណ៍ (វិស័យឯកជន), ការសើបអង្កេត, ការចោទប្រកាន់, ការកាត់ទោស និងការរឹបអូសទ្រព្យពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ និងការបណ្ដុះបណ្ដាល បង្កើនសមត្ថភាពរបស់មន្រ្ដីអនុវត្តន៍ច្បាប់ ទោះបីប្រទេសកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី៕