(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍នេះ បានបង្ហាញអំពីគម្រោងបែបបទ សម្រាប់អ្នកចូលរួមប្រឡងប្រជែងពានរង្វាន់របស់សម្តេច សម្រាប់អ្នកលេងលើបណ្តាញសង្គម Facebook។
កម្មវិធីនេះ មានឈ្មោះថា «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលតម្រូវឱ្យអ្នកលេង Facebook ទាំងអស់មានចាប់អារម្មណ៍ចូលរួមបង្កើតជា៖ កំណាព្យ-អត្ថបទ, វីដេអូ, ចំរៀង ឬគំនូរ ហើយស្នើសុំដាក់បញ្ចូលទៅក្នុងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បើបេក្ខជនណាទទួលបានអ្នកគាំទ្រច្រើន នឹងឈ្នះរង្វាន់ក្នុងកម្មវិធីនេះ។
ចាប់ពីថ្ងៃផ្សាយនេះតទៅ សម្តេចតេជោ ហ៊ុន សែន ក៏នឹងប្រកាសឱ្យប្រជាពលរដ្ឋ អ្នកលេង Facebook ចូលរួមផ្តល់យោបល់ផ្សេងៗ ជុំវិញកម្មវិធីប្រឡងប្រជែងនេះ រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ វេលាម៉ោងដើម្បីជំរុញឱ្យកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» កាន់តែល្អឡើង ។
ខាងក្រោមនេះជា «បែបបទ និងគម្រោងកម្មវិធីប្រឡងប្រជែងដណ្តើមពានរង្វាន់» សម្រាប់អ្នកលេង Facebook
ក). ប្រធានបទប្រកួតប្រជែងគឺ៖ យុវជនអាចជ្រើសរើសប្រធានបទដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង និង ប្រធានបទណាដែលខ្លួនគិត និងយល់ដឹងថានឹងទទួលបានការគាំទ្រច្រើនដូចជា៖
១-សកម្មភាពអប់រំលើកស្ទយការគោរពច្បាប់ចរាចរ ។
២-សកម្មភាពនៃអំពីល្អទាំងឡាយដែលជួយទៅលើកុមារកំព្រា ស្រ្តីមេម៉ាយទីទាល់ក្រ និងជនចាស់ជរាគ្មានទីពឹង និងជនពិការ។
៣-សកម្មភាពជួយយកអាសារជនរងគ្រោះដូចជា គ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះទឹកជំនន់ ។ល។
៤-សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង។
៥-សកម្មភាពទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន ។
ខ). ជំនាញ និង ឯកទេសផលិត៖ យុវជនអាចជ្រើសការផលិតអោយចេញជាសាច់រឿងទៅតាមឯកទេស និងជំនាញ៤ប្រភេទដែលខ្លួនមានដូចខាងក្រោម៖
១-កំណាព្យ និងអត្ថបទ
២-វីដេអូ
៣-ចំរៀង
៤-គំនូរ
គ) ការដាក់ពាក្យចូលរួមប្រកួតប្រជែង និងវិធីដាក់អោយពលរដ្ឋបោះឆ្នោត៖ Facebook សម្តេចតេជោ នឹងចេញសេចក្តីប្រកាសផ្លូវការអំពីកម្មវិធី និងលក្ខ័ន្ត នៃការប្រកួត (ខ្ញុំជាយុវជនគំរូកម្ពុជា- I am a Khmer youth Role Model) នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនឹងកំណត់ទទួលការដាក់ពាក្យក្នុងម្តង គឺ ១០០ នាក់។ នៅពេលដែលអ្នកដាក់ពាក្យគ្រប់ ១០០ នាក់ហើយគឺ Web site នឹងបិទដោយស្វ័យប្រវត្តិ។
ឃ).ការដាក់ពាក្យ៖ ក្រោយពីបានទទួលបាន ១០០ វីដេអូ ឬ ១០០ កំណាព្យ ឬ ១០០ ចំរៀង ឬ ១០០ គំនូរ ពីអ្នកដាក់ពាក្យហើយ គឺនឹងដាក់ផ្សាយនៅលើWebsite សម្តេចតេជោ អោយសាធារណៈជនចូលបោះឆ្នោត រយៈពេលចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានលំដាប់ខ្ពស់ជាងគេ ១០ នាក់ (Top 10) ដែលត្រូវយកទៅបង្ហោះលើ Facebook សម្តេចតេជោ ចំនួន ៣ ថ្ងៃថែមទៀត ដើម្បីជ្រើសរើសយកលេខ១ប្រចាំសប្តាហ៌ (Top 1) (មានរយៈពេល៧ ថ្ងៃ) ។ បេក្ខជនដែលទទួលបានការគាំទ្រ (Likes) ច្រើនជាងគេគឺនឹងទទួលរង្វាន់ Iphone 6(16GB) ពីកម្មវិធី និង លិខិតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ង) លក្ខន្តិកៈសម្រាប់អ្នកចូលរួមលេងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា៖
១-មាន Account Facebook ពិត លេខទូរស័ព្វ និង Email
២-មានស្នាដៃ ឬមានបំណងបង្កើតស្នាដៃគំរូសម្រាប់យុវជន និងសង្គមជាតិ
៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister
៤-ត្រូវដាក់ពាក្យ និងឯកសារប្រកួតប្រជែងនៅគេហទំព័រសម្តេចតេជោ ហ៊ុន សែន ទៅតាមថ្ងៃដែលបានប្រកាសជាសាធារណៈ (www.samdechhunsen.gov.kh)
៥-យើងទទួលតែ ឯកសារ (វិដេអូ កំណាព្យឬអត្តបទ ចម្រៀង និងគំនូរ ចំនួ ១០០ ដែលបានផ្ញើមកមុនគេ) ។ បេក្ខជនទាំង ១០០ នេះនឹងធ្វើការបោះឆ្នោតជម្រុះដោយសាធារណៈជន នៅវេបសាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃប្រកាសបញ្ចប់ការទទួលពាក្យ។ បន្ទាប់មកគឺយើងនឹងជ្រើសរើសបេក្ខជនចំនួន ១០ នាក់តែប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រដោយសាធារណៈជន។ បេក្ខជនទាំង ១០ នាក់នេះ នឹងយកទៅប្រកួតនៅលើ Facebook សម្តេចតេជោ ចំនួន ៣ថ្ងៃ ដើម្បីអោយសាធារណៈជនបោះឆ្នោត Likes។ បេក្ខជនណាមួយដែលទទួលបាន Likes ច្រើនជាងគេ គឺនឹងទទួលជ័យលាភីពីកម្មវធី ។ សាធារណៈជនមានពេល៣ថ្ងៃដើម្បីចូលមកបោះឆ្នោត Likes បេក្ខជនដែលខ្លួនពេញចិត្ត។
ច) សិទ្ឋិចូលរួមប្រកួតប្រកួតប្រជែង៖ ចំពោះបេក្ខជន បេក្ខនារីដែលបានប្រកួតឈ្នះ គឺពុំមានសិទ្ឋិចូលរួមប្រកួតប្រជែងទៀតឡើយ។ រីឯបេក្ខជនបេក្ខនារីដែលបានធ្លាក់លើប្រធានបទណាមួយគឺមានសិទ្ឋិដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រចាំសប្តាហ៍ជាបន្តទៀតទៅលើប្រធានបទផ្សេង។
ឆ) ការប្រគល់រង្វាន់ និងប័ណ្ណសរសើរ៖ ចំពោះជ័យលាភីប្រចាំសប្តាហ៌ គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរពីសម្តេចតេជោ នៅវិមានសន្តិភាព ៕