(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជាមួយ លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងមុខងារសាធារណៈ ភាគីទាំងពីរបានវាយតំលៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-បារាំង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យមុខងារសាធារណៈ។
លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានឯកភាពចំពោះការលើកឡើងរបស់លោកស្រី ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្តទៅទៀតដោយផ្តោត លើសកម្មភាពសំខាន់ៗចំនួនបី៖
១. ការបន្តអនុវត្តជាក់ស្តែងថែមទៀតនូវអនុស្សារណៈនៃការយោគយល់(MoU) ដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា(ERA)ជាមួយនឹងសាលាជាតិរដ្ឋបាលបារាំង(ENA) ដោយខិតខំជម្នះស្ថានភាព Covid-19 តាមវិធីនិងមធ្យោបាយផ្សេងៗ។
២. ការផ្តល់ការបណ្តុះបណ្តាលដែលមានភាពទាក់ទាញនិងប្រសិទ្ធភាពចំពោះមន្ត្រីរាជការកម្ពុជា តាមរយះកិច្ចសហប្រតិបត្តិការជាមួយអង្គការនិងស្ថាប័នអន្តរជាតិនៃប្រទេសប្រើប្រាស់ភាសាបារាំង(Francophonie)។
៣. ការរៀបចំអាហារូបករណ៍បែបសហហិរញ្ញប្បទាន(Co-financement)ដើម្បីបញ្ជូនមន្រ្តីកម្ពុជាដែលមានសមត្ថភាពឲ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសបារាំងជាភាសាបារាំងនិងភាសាអង់គ្លេស។
ជាចុងក្រោយនៃជំនួបនេះ ទាំងលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទាំងលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានសំដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យមុខងារសាធារណៈ នឹងរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានប្រយោជន៍ទាំងសងខាងសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងបារាំង៕