(អេហ្ស៊ីប)៖ មន្ត្រីរដ្ឋាភិបាលប្រទេសអេហ្ស៊ីប បានឲ្យដឹងថា អេហ្ស៊ីបបានបាត់បង់ប្រាក់ រាប់រយលានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីមានហេតុការណ៍ សង្ស័យបំផ្ទុះគ្រាប់បែកធ្លាក់យន្តហោះ របស់ប្រទេសរុស្ស៊ីនៅលើទឹកដីរបស់ខ្លួន កាលពីឆ្នាំមុន ដែលបណ្តាលឲ្យប៉ះពាល់ដល់ ឧស្សាហកម្មទេសចរណ៍ នៅក្នុងប្រទេស នេះយោងតាមព័ត៌មានស៊ិនហួរ ចេញផ្សាយឲ្យដឹងយ៉ាងដូច្នេះ។
អភិបាលតំបន់ South Sinai លោក Khaled Fouda បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការកក់សណ្ឋាគារនៅក្នុងទីក្រុងរមណីយដ្ឋាន Sharm el-Sheikh និងទីក្រុង Hurghada បានធ្លាក់ចុះជាង២០% ហើយទីក្រុងបានខាតបង់ទឹកប្រាក់ជិត ២៥០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងមួយ ខែៗ។ រុស្ស៊ី បានផ្អាកគ្រប់ជើងហោះហើរទាំងអស់របស់ខ្លួន ទៅកាន់អេហ្ស៊ីប និងចក្រភពអង់គ្លេស បានបញ្ឈប់ការហោះហើរ ទៅកាន់ទីក្រុង Sharm el-Sheikh បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥កន្លងទៅ។
ក្រោយហេតុការណ៍នេះកើតឡើង ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានអះអាងថា ខ្លួនបានរៀបចំគម្រោង វាយប្រហារបំផ្ទុះគ្រាប់បែក នៅលើយន្តហោះនេះ ហើយរដ្ឋាភិបាលទីក្រុង Moscow កំណត់ថា យន្តហោះបានធ្លាក់ដោយគ្រឿងផ្ទុះ ប៉ុន្តែរដ្ឋាភិបាលអេហ្ស៊ីប បានអះអាងថា ខ្លួនកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីរកពីមូលហេតុ៕