(ភ្នំពេញ)៖ លោក សួន រិនឌី អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តគិរីវណ្ណារាម ហៅវត្តជ្រៃហូរព្នៅ ស្ថិតភូមិកំពង់ពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ លោក សួន រិនឌី រួមជាមួយក្រុមការងារ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន។
លោកតំណាងរាស្ត្រ សួន រិនឌី ក៏បានជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ ១៤៣គ្រួសារផងដែរ និងបានចែកជូននូវអំណោយមួយចំនួន ដោយក្នុងម្នាក់ទទួលបានមី ១កេស ត្រីខ ១យួរ (១០កំប៉ុង) ក្រមា ១ ជែលលាងដៃ ២ដប ថ្នាំពេទ្យ ១កញ្ចប់ ប្រេងកូឡា ១ប្រអប់ ព្រមទាំងថវិកា ២០,០០០រៀល។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕