(ភ្នំពេញ)៖ លោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីសប្រចាំកម្ពុជា បានថ្លែងកោតសរសើរអំពីវិធានការ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ការថ្លែងបែបនេះ របស់លោក Markus Buerli ធ្វេីឡេីងក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដេីម្បីស្វែងយល់បន្ថែមពីស្ថានភាពសុខភាពពលរដ្ឋនៅកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក Markus Buerli បានចូលរួមអបអរសាទរចំពោះកម្ពុជា ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ និងការបន្ដដាក់ចេញវិធានការនានា យ៉ាងមានប្រសិទ្ធភាពមកទល់បច្ចុប្បន្ននេះ។
ទន្ទឹមនឹងនោះ លោកក៏បានកោតសរសើរចំពោះមន្ដ្រីសុខាភិបាលនៅតាមមូលដ្ឋាន ដែលបានផ្ដល់សេវាថែទាំអ្នកជំងឺបានយ៉ាងល្អ។ លោកបន្ដថា ខណៈដែលលោកចុះទស្សនកិច្ចនៅតាមបណ្ដាខេត្ដមួយចំនួន មានកំពង់ធំ សៀមរាបជាដើម លោកបានឃើញថា វឌ្ឍនភាពនៃវិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ជាការឆ្លើយបត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ស្វីស ដែលបានជួយឧបត្ថម្ភគ្រាំទ្រដល់វិស័យសុខាភិបាល ជាពិសេស បន្ដផ្ដល់មូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងបន្ដបណ្ដុះបណ្ដាលធនធានមនុស្សរបស់មន្ដ្រីសុខាភិបាល ដើម្បីជួយពង្រឹងការផ្ដល់សេវាព្យាបាលជូនកុមារកម្ពុជា កាន់តែភាពល្អប្រសើរបន្ថែមទៀត។
លើសពីនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានបេ្ដជ្ញាយ៉ាងមុតមាំបន្ដទៀត ក្នុងការសហការជាមួយស្វីស ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដំណើរយ៉ាងជោគជ័យតទៅមុខបន្ថែមទៀត។
សូមជម្រាបថា កន្លងមកនេះ ស្វីសបានជួយជាច្រើនក្នុងការជួយលើវិស័យសុខាភិបាល ជាពិសេស ក្នុងការឧបត្ថម្ភថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំៗ ដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា រួមទាំងជួយលើវិស័យដទៃទៀត៕