(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង នៅគ្រប់ខណ្ឌទូទាំងរាជធានីជារៀងរាល់ថ្ងៃ។
ដោយនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន នឹងចុះត្រួតពិនិត្យ ៥គោលដៅ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១១យប់ រហូតដល់ម៉ោង ២រំលងអាធ្រាត។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានអះអាងបន្ថែមថា ក្នុងករណីដែលពាក់ព័ន្ធនឹងករណី ប្រើប្រាស់ជាតិស្រវឹងក្នុងពេលបើកបរនេះ កម្លាំងសមត្ថកិច្ចបានឃាត់ និងតម្រូវឲ្យតម្កល់ប្រាក់កក់ផាកពិន័យ ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ៕