(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ និងមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៤.៨៣៧.៥៣៨ នាក់ ស្មើនឹង ៥៦.០៦% នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព ។ ការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតត្រូវធ្វើចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប លោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ បានគូសបញ្ជាក់ថា គោលដៅនៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ បានពិនិត្យ ផ្ទៀងផ្ទាត់ ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្នន័យផ្លូវការ ដែលមានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី និងដើម្បីអញ្ជើញប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារចុះឈ្មោះ ៖

១៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ១ ជាក្រដាសអ៊ុតប្លាស្ទីក ចំណុចកណ្តាល មានបាវចនាជាតិ និងរូបថតសាមីខ្លួន ផ្ទៃខាងក្រោយមានបាកូដ និងស្នាមមេដៃសាមីខ្លួន មានចុះហត្ថលេខា និងត្រា អភិបាល អភិបាលរង រាជធានី ខេត្ត ។

២៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ២ ជាសន្លឹកប្លាស្ទីក ផ្ទៃខាងមុខមានបាវចនាជាតិរូបប្រាសាទអង្គរវត្ត និងរូបថតសាមីខ្លួន ផ្ទៃខាងក្រោយមានបាកូដ កម្ពស់ ហត្ថលេខា និងស្នាមមេដៃសាមីខ្លួន មានចុះហត្ថលេខា និងត្រា អភិបាល អភិបាលរង រាជធានី ខេត្ត ។

៣៖ ឯ.អ គឺជាឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ។

ចំពោះការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ លោកអនុប្រធានបានបញ្ជាក់ថា មានគោលបំណង ដើម្បីឱ្យអ្នកបោះឆ្នោត (អ្នកបានចុះឈ្មោះរួចហើយកាលពី ឆ្នាំ២០១៦ ឬ ឆ្នាំ២០១៧ ឬ ឆ្នាំ២០១៨ ឬ ឆ្នាំ២០១៩) មកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោត មិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អ្នកបោះឆ្នោតអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់។

នាឱកាសនោះលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចតទៅ៖
* សូមសំណូមពរជាពិសេសដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន និងជោគជ័យ ។
* សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការ ថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។
* សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ។

សូមជម្រាបជូនថា កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃនេះ មានប្រធានបទពីរសំខាន់ គឺការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះមានចំនួន ៦២នាក់ មកពីក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៩ អង្គភាពសារព័ត៌មាន ចំនួន ១១ និងគណបក្សនយោបាយ ចំនួន ១៣ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សពន្លឺថ្មី គណបក្សខ្មែររួបរួមជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សនគរប្រជាធិបតេយ្យ និងគណបក្សរស្មីខេមរា៕