(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង និងរៀបចំដាក់ប្រព័ន្ធលូ ដែលមានមុខកាត់ ១ម៉ែត្រ និងមានប្រវែង ២០០ម៉ែត្រ ក្នុងការរំដោះការជន់លិច ដោយសារជុំនន់ទឹកភ្លៀងនារដូវវស្សានេះ ដើម្បីងាយស្រួលធ្វើដំណើររបស់បង-ប្អូនប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយនូវគ្រោះថ្នាក់ផ្សេងៗ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវភ្លោះ) សង្កាត់គីឡូម៉ែត្រលេខ៦។
ការប្រកាសតាមរយៈ Facebook ជាផ្លូវការរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងក្នុងពេលលោក និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដឹកនាំមន្ត្រីពិនិត្យស្ថានភាពជាក់ស្ដែង ក្នុងការស្ដារប្រឡាយ ដើម្បីរំដោះទឹកភ្លៀងដែលធ្លាក់ជន់លិចលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវភ្លោះ) សង្កាត់គីឡូម៉ែត្រលេខ៦ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ជា ពិសី បានគូសបញ្ជាក់ថា បើទោះបីជាទទួល ឫមិនទាន់ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក្ដី ប៉ុន្តែចំពោះការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធមានជាផ្លូវ ប្រព័ន្ធលូ ក្នុងមូលដ្ឋាន គឺត្រូវតែធ្វើមុននិងក្រោយប៉ុណ្ណោះ ពីព្រោះ «មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញមន្ត្រី គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ដែលផ្ដើមចេញពីការដឹកនាំដ៍ប៉ិនប្រសព្វ និងឈ្លាសវ៉ៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕