(សៀមរាប)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅចុងសប្តាហ៍កន្លងទៅនេះ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូទៅអមក្រសួងព្រះបរមរាជវាំង បានដឹកនាំកិច្ចប្រជុំស្តីពីការកសាងសមិទ្ធផលនានា នៅខាងមុខព្រះរាជដំណាក់ខេត្តសៀមរាប។
ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស្វករ អ្នកបច្ចេកទេសរបស់នាយកដ្ឋានសំណង់នៃក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។
បន្ទាប់ពីលោក គុយ សុផល បានសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះសមាសភាព ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះរួចមក អង្គប្រជុំបានពិភាក្សា និងវាយតម្លៃទៅលើលទ្ធផលការងារសំខាន់ៗ ស្តីពីការកសាងសមិទ្ធផលនៅលើផ្ទៃដីមួយផ្នែកខាងមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដែលក្នុងនោះមានការកសាងក្លោងទ្វារ របង ផ្លូវបេតុង ប្រពន្ធ័លូនឹងការរៀបចំកែលម្អសួនច្បារ។
អង្គប្រជុំបានពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ និងវាយតម្លៃទៅលើការងារសំខាន់ៗចំនួន ៤ ដែលក្រសួងព្រះបរមរាជវាំងបានខិតខំអនុវត្តនៅក្នុងដំណាក់កាលទី១ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដោយសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរលើការងារសំខាន់ៗទាំង ៤ ក្នុងនោះមាន៖
១៖ ការងារគ្រឿងបង្គំសំណង់ ក្លោងទ្វារ របង ផ្លូវបេតុង និងការកែលម្អសួនច្បារ
២៖ ការងារស្ថាបត្យកម្ម ក្លោងទ្វារ របង ផ្លូវបេតុង និងកែលម្អសួនច្បារ
៣៖ ប្រព័ន្ធអគ្គិសនី និងទឹក
៤៖ ការងារសម្អាតការដ្ឋាន។
អង្គប្រជុំបានឲ្យដឹងអំពីការបន្តខិតខំប្រឹងប្រែងក្នុងស្មារតីរួមសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តនូវរាល់ភារកិច្ចទាំងឡាយ ស្របទៅតាមគម្រោងផែនការនៃការកសាងសមិទ្ធផលសំខាន់ៗខាងលើ ឱ្យសម្រេចទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក ដើម្បីថែរក្សាសម្បត្តិបេតិកភ័ណវប្បធម៌ ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយឲ្យមានសោភ័ណភាពយ៉ាងស្រស់ប្រណីត និងមានគុណភាពជាប់រឹងមាំដ៏យូរអង្វែងតរៀងទៅ។
គួរបញ្ជាក់ថា ការកសាងសមិទ្ធផលសំខាន់ៗទាំងនេះ គឺមានគុណប្រយោជន៍យ៉ាងធំធេងក្នុងការថែរក្សាការពារសុវត្ថិភាពព្រះអង្គចេក ព្រះអង្គចម ឱ្យមានភាពគង់វង្សនឹងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះអង្គគង់បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមទាំងឡាយជូនជាតិ នៅព្រះរាជដំណាក់ខេត្តសៀមរាប ជាប្រវត្តិសាស្ត្រនេះ។
បន្ទាប់ពីកិច្ចប្រជុំបានដំណើរការចប់រួចរាល់ លោក គុយ សុផល និងលោកស្រី គង់ បញ្ញា ព្រមទាំងមន្ត្រីក្រសួងព្រះបរមរាជវាំង មន្ត្រីមកពីក្រសួងសេដ្ឋកិច្ច វិស្វករ អ្នកបច្ចេកទេសរបស់នាយកដ្ឋានសំណង់នៃក្រសួងព្រះបរមរាជវាំង បានចុះពិនិត្យផ្ទាល់នៅរាល់ការងារសំខាន់ៗខាងលើ ដែលក្រសួងព្រះបរមរាជវាំងខិតខំប្រឹងប្រែងសម្រេចបាននៅក្នុងដំណាក់កាលទី១នេះ ទទួលបានលទ្ធផលប្រមាណ ៣៥% នៃគម្រោងសរុប៕