(ភ្នំពេញ)៖ កិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទានចំនួន ៦.២៥លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ត្រូវបានចុះហត្ថលេខាដោយលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានរួមគ្នារវាងភាគីទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា។
ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ក្នុងនោះរួមមាន ទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និងចំនួន ៥.២៥លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន និងបានចូលរួមចំណែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃកូវីដ១៩ នៅកម្ពុជា។ ជាមួយគ្នានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏មានក្តីសោមនស្សរីករាយ ចំពោះការបន្តសហការ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅរួមផងដែរ៕