(កំពង់ឆ្នាំង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌរហូតដល់វេនទី១២ នៅវត្តចំនួន ៣ មានវត្តសុវណ្ណគិរី វត្តសុវណ្ណមយូរា ហៅវត្តក្ងោកមាសលើ និងវត្តសុវណ្ណមយូរា ហៅវត្តក្ងោកមាសក្រោម ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ចូលរួមបំពេញសទ្ធាជាមួយសម្តេចចៅហ្វាវាំង ក្នុងពិធីបុណ្យនាឱកាសនោះ ដែលមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ មានការទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង ពីសំណាក់លោក ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។
អាស្រ័យដោយបុណ្យភ្ជុំបិណ្ឌ បាននាំមកនូវផល្លាអនិសង្សដ៏ថ្លៃថ្លាជាច្រើនប្រការ ទើបពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះ នាំមកនូវសាមគ្គីធម៌ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។
ម្យ៉ាងវិញទៀត ចំពោះបុគ្គលទាំងឡាយណាដែលបានបំពេញកុសលផលបុណ្យក្នុងសទ្ធាដ៏បរិសុទ្ធជ្រះថ្លាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុគ្គលទាំងនោះបានប្រកបទៅដោយកុលបុត្រកុលធីតាមានសេចក្តីកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា និងអ្នកដែលមានគុណទាំងឡាយ ប្រសិនបើមាតាបិតា ឬអ្នកមានគុណរបស់លោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ វិញ្ញាណក្ខន្ធរបស់លោកនឹងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានជួយថែរក្សាដល់កូនចៅឲ្យបានជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ។
ដោយឡែក សម្តេចចៅហ្វាវាំងបានឆ្លៀតឱកាសដ៏មានតម្លៃពីការបំពេញភារកិច្ចធំៗជូនជាតិ ដោយបានបំពេញសទ្ធាក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះរហូតដល់វេនទី១១ បានចំនួន ១៣វត្ត រួចមកហើយ ក្នុងនោះមានវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្តកុលម្ពវ័ន វត្តពានី ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងវត្តចំនួន ៩ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងនេះ។
ជាងនេះទៅទៀត យោងតាមការសម្តែងព្រះធម្មទេសនារបស់ព្រះធម្មកឋិកដ៏ល្បីៗជាច្រើនព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងទៀតថា ប្រសិនបើបុគ្គលទាំងឡាយណាបានបំពេញសទ្ធាក្នុងភាពប្រសើរខ្ពង់ខ្ពស់នៅក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឲ្យបានចំនួន៧វត្ត បុគ្គលទាំងនោះនឹងទទួលបានផល្លាអនិសង្ឃដ៏ខ្ពង់ខ្ពស់ និងជាអរិយទ្រព្យដ៏ប្រសើរបំផុតតាមជួយទ្រទ្រង់លោកអ្នកទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតជាតិ។
ដោយឡែក សម្តេចចៅហ្វាវាំងបានឆ្លៀតឱកាសដ៏មានតម្លៃពីការបំពេញភារកិច្ចធំៗជូនជាតិ ដោយបានបំពេញសទ្ធាក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះរហូតដល់វេនទី១២ បានចំនួន១៦វត្តរួចមកហើយ ក្នុងនោះមានវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្តកុលម្ពវ័ន វត្តពានី ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វត្តអង្គ វត្តគ្រួស វត្តល្បើក វត្តស្នោ វត្តសិរី វត្តនន្ទតាសក់ វត្តកំពង់អួរ វត្តសម្តេចមុន្នី និងវត្តព្រះឥន្ទទេព ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ព្រមទាំងវត្តចំនួន៣ នៅក្នុងឃុំព្រៃគ្រី ស្រុកជលគីរីនេះ។
ក្នុងកម្មវិធីបន្តនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះ សម្តេចចៅហ្វាវាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ដែលមានសេចក្តីជ្រះថ្លាបំពេញកុសលផលបុណ្យជាមួយសម្តេចចៅហ្វាវាំង ក្នុងឱកាសនោះបានអញ្ជើញប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និងបវរណាចតុបច្ច័យប្រគេនព្រះ អនុគណស្រុកជលគីរី ព្រមទាំងព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគង់នៅវត្តទាំង៣ មានចំនួន៦២ព្រះអង្គ។ ក្រៅពីនេះបានប្រគេនគ្រឿងបរិក្ខារបច្ច័យសម្រាប់វត្តទាំង៣ ក្នុងវត្តនីមួយៗ ទទួលបានអង្ករចំនួន ៥បាវ ក្នុង១បាវស្មើ៥០គ.ក, ទឹកបរិសុទ្ធចំនួន៥កេស, ទឹកក្រូចចំនួន៥កេស, មីចំនួន៥កេស ក្នុង១កេសស្មើ ៣០កញ្ចប់, ត្រីខកំប៉ុងចំនួន៥យួរ ក្នុង១យួរស្មើ១០កំប៉ុង និងបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗ ចំនួន៤លាន៧៣ម៉ឺនរៀល។ មិនតែប៉ុណ្ណោះ សម្តេចចៅហ្វាវាំងបានបំពេញសទ្ធាដ៏ខ្ពង់ខ្ពស់ថែមទៀត ចំពោះវត្តចំនួន៩ផ្សេងទៀត នៅក្នុងស្រុកជលគីរី ដើម្បីជួយទ្រទ្រង់ជីវភាពព្រះសង្ឃ និងការកសាងសមិទ្ធិផលនៅក្នុងវត្តទាំង៩ វត្តនីមួយៗ មានបច្ច័យចំនួន៥០ម៉ឺនរៀល ព្រមទាំងមានទេយ្យទានមួយចំនួនទៀត។ សរុបបច្ច័យ និងទេយ្យទាន ប្រគេនចំពោះទីអារាមទាំង៩ ផ្សេងទៀតក្នុងស្រុកជលគីរី មានចំនួន១៣លាន៣៧ម៉ឺន៤ពាន់រៀល។
សូមឧទ្ទិសនូវព្រះកុសលផលបុណ្យកើតឡើងពីសេចក្តីជ្រះថ្លារបស់សម្តេចចៅហ្វាវាំង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ដែលមានវត្តមានក្នុងពិធីបុណ្យកាន់បិណ្ឌដ៏ប្រពៃនេះជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សន្តានរបស់លោកដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕