(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម បានចាត់ទុកការព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាបន្តបន្ទាប់, មិនមានពលរដ្ឋស្លាប់ព្រោះកូវីដ១៩ និងទប់ស្កាត់មិនឱ្យជំងឺឆ្លងចូលសហគមន៍ គឺជាជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងបរិបទពិភពលោកកំពុងយាយីដោយជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងបែបនេះក្នុងជួបសំណេះសំណាល និងនាំយកកុំព្យូទ័រយួរដៃ ទឹកសាប៊ូសម្លាប់មេរោគ ម៉ាស់ពេទ្យ និងថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកបាធាយ និងស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សាលារៀនគ្រប់កម្រិតនៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្នុងកិច្ចសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានលើកបង្ហាញពីផលលំបាករបស់ពិភពលោក រួមទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ព្រោះតែជំងឺកូវីដ១៩។ តែទោះជាយ៉ាងណាលោករដ្ឋមន្ត្រី បានលើកបង្ហាញពីចំណាត់ការទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យការរីករាលដាលជំងឺកូវីដ១៩មិនខ្លាំងក្លា និងមិនឆ្លងចូលដល់សហគមន៍ដូចបណ្តាប្រទេសមួយចំនួនលើពិភពលោក។
មកដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧៥នាក់។ ក្នុងនោះ ២៧៤នាក់ បានព្យាបាលជាសះស្បើយ នៅសល់តែមួយនាក់ប៉ុណ្ណោះកំពុងព្យាបាល។ អ្វីដែលនាំឱ្យមានការសាទរខ្លាំងនោះ គឺក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយអស់ ១០០ភាគរយ ចំនួនពីរលើកមកហើយ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងបរិបទជំងឺកូវីដ១៩នេះ ស្ទើរតែគ្រប់ប្រទេសសុទ្ធតែជួបនឹងវិបត្តិសេដ្ឋកិច្ច តែអ្វីដែលត្រូវគិតគូរចាំបាច់បំផុតនោះ គឺការរក្សាអាយុជីវិតប្រជាពលរដ្ឋ និងការពារកុំឱ្យជំងឺនេះឆ្លងចូលសហគមន៍។ លោក ប៉ាន សូរស័ក្តិ បានថ្លែងប្រាប់អាជ្ញាធរ និងមន្ត្រីនៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយថា ចំណុចនេះជាការជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបរិបទសង្គមសម័យកូវីដ១៩។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ដូច្នេះ «ពិភពលោកបច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការប្រឹងប្រែងរក្សាអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩ជារឿងចាំបាច់ជាងបញ្ហាអ្វីទាំងអស់។ ដូច្នេះសម្រាប់កម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងទទួលបានជោគជ័យធំធេងណាស់។ យើងបានព្យាបាលអ្នកជំងឺឱ្យជាអស់ចំនួនពីរលើកមកហើយ ហើយក៏មិនមានអ្នកជំងឺណារងគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ ជាពិសេសយើងទប់ស្កាត់មិនឱ្យឆ្លងចូលក្នុងសហគមន៍នេះជាជោគជ័យធំរបស់យើង យើងអាចការពារអាយុជីវិតពលរដ្ឋរបស់យើងឱ្យចៀសផុតពីគ្រោះកាចនៃជំងឺកូវីដ១៩»។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានលើកបង្ហាញពីខិតខំប្រឹងប្រែងមួយចំនួនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាករបស់សង្គម និងប្រជាពលរដ្ឋកម្ពុជា។ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សង្គម រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយសំដៅជួយរក្សាលំនឹងផលិតកម្ម និងអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេសពិសេស គឺសំដៅធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
នៅក្នុងវិស័យសង្គមកិច្ចវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវគម្រោងសាច់ប្រាក់ ពលកម្មសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករដែលនឹងជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់នូវឱកាសការងារបន្ថែមមួយចំនួនដល់ប្រជាជននៅក្នុងអំឡុងពេលលំបាកនេះ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីផ្តល់ជាជំនួយបណ្តោះអាសន្នបន្ថែមដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងគោលដៅរក្សានូវលំនឹងជីវភាពរបស់នៅក្នុងរយៈពេលនៃវិបត្តិនេះ។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដោយផ្ដោតសំខាន់ទៅលើកុមារអាយុក្រោម៥ឆ្នាំ ជនពិការ ចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នគ្រួសារដែលមានប័ណ្ណសមធម៌ ទាំងក្រីក្រកម្រិត១ និងក្រីក្រកម្រិត២ ជាង ៦៧ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ ២លាន៧សែននាក់។ រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាជាង ១០០ប៊ីលានរៀល ក្នុងមួយខែៗសម្រាប់ការឧបត្ថម្ភនេះ។
ដោយសារតែបច្ចុប្បន្នការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយ ហើយវ៉ាក់សាំងមិនទាន់មាននោះ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាពទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយខិតខំផ្សព្វផ្សាយនូវរាល់វិធានការការពារ និងចូលរួមអនុវត្តដោយយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ លោក ប៉ាន សូរស័ក្តិ បាននាំយកនូវទឹកសាប៊ូសម្លាប់មេរោគចំនួន ៥០៤កេស ស្មើនឹង១៨,១៤៤ដប និងម៉ាស់ចំនួន ៩៣០ប្រអប់ ស្មើនឹង ៤៦,៥០០ម៉ាស់ ជូនស្រុក ឃុំ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងសាលារៀនគ្រប់កម្រិតនៅទូទាំងស្រុកបាធាយ និងស្រុកព្រៃឈរ។ លោករដ្ឋមន្ត្រី ក៏បាននាំយកកំព្យូទ័រយួរដៃចំនួន ២៩គ្រឿង សម្រាប់សម្រួលដល់ការងាររដ្ឋបាលនៅមូលដ្ឋាន និងថវិកាមួយចំនួនជូនសមាជិកចូលរួមផងដែរ៕