(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទនៅកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យគ្រីស្ទសាសនិក បានបើកព្រះវិហារ ស្នាក់ការថ្វាយបង្គំទូទាំងប្រទេស មានការជួបជុំថ្វាយបង្គំឡើងវិញ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
តំណាងគ្រីស្ទសាសនិកទាំងអស់ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងខិតខំអនុវត្តការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យអស់ពីសមត្ថភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ គ្រីស្ទបរិស័ទកម្ពុជា ក៏បានចេញសេចក្ដីណែនាំមួយ ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អំឡុងពេលបើកឲ្យដំណើរការថ្វាយបង្គំតាមព្រះវិហាររ ស្នាក់ការថ្វាយបង្គំឡើងវិញ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ផងដែរ។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត សូមព្រឹបូជាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ ព្រះវិហារ ចូលរួមអនុវត្តវិធានការ នៃការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖
*ទី១៖ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
*ទី២៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃ ជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
*ទី៣៖ ហាមអ្នកដែលមានជំងឺផ្សេងៗចូលរួម និងហាមកុមារចូលរួមថ្វាយបង្គំផ្ទាល់ជាមួយក្រុមជំនុំ
*ទី៤៖ ហាមចាប់ដៃគ្នា នៅពេលគោរពគារវកិច្ចដោយជំនួស ជាការលើកដៃសំពះ និងនិយាយស្វាគមន៍បែប គ្រីស្ទបរិស័ទវិញ ហើយរក្សាសុវត្ថិភាពប្រាស្រ័យទាក់ទង
*ទី៥៖ ការជួបជុំថ្វាយបង្គំនៅព្រះវិហារ និងស្នាក់ការថ្វាយបង្គំ មិនឲ្យលើសពី៣០នាទី
*ទី៦៖ ត្រូវប្រកាន់ខ្ជាប់អនាម័យស្អាតជានិច្ច មុនពេលចូលថ្វាយបង្គំ
*ទី៧៖ ត្រូវរក្សាគម្លាតសង្គម ដោយអនុញ្ញាតឲ្យចូលថ្វាយបង្គំប្រមាណ៣០% នៃចំណុះសមាជិកនៃទីតាំងនីមួយៗ ដោយបន្ថែមចំនួនពេលថ្វាយបង្គំតាមដែលអាច ហើយរាល់ចន្លោះពេលថ្វាយបង្គំ ពីមួយទៅមួយ ត្រូវអនុវត្ត ខ្ជាប់ខ្ជួន នូវការសម្អាត តុ កៅអី អាសនា ឧបករណ៍ផ្សេងៗ មុនអនុញ្ញាត ឲ្យចូលពេលបន្ទាប់
*ទី៨៖ ចំពោះកម្មវិធីកុមារតាមព្រះវិហារ ស្នាក់ការ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបង្កើនគ្រូកុមារបន្ថែម តាមថ្នាក់ និងកម្មវិធីនីមួយៗ ទទួលខុសត្រូវ ឲ្យសមស្របទៅនឹងចំនួនកុមារ
*ទី៩៖ មិនត្រូវឲ្យមានការប្រកបជួបជុំពិសាអាហាររួមគ្នានៅព្រះវិហារ ក្រោយពេលចប់ថ្វាយបង្គំឡើយ៕