(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តលើកប្រព័ន្ធគ្រប់គ្រងបទល្មើស រយៈពេល៣ខែ គិតពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ និងពិធីប្រគល់-ទទួលកុំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើស ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៧។
ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលមានសមាសភាពចូលរួមកិច្ចប្រជុំ រួមមានមន្ត្រីជំនាញមកពីអធិការដ្ឋានខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការិយាល័យគ្រឿងញៀន នៃស្នងការរាជធានី-ខេត្ត សរុប ៥២នាក់។
ស្នងការដ្ឋាននគរបាលខេត្តចំនួន០៧ ដែលទទួលបានសម្ភារ និងឧបករណ៍រួមមានទី១៖ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ទី២៖ ខេត្តកំពង់ឆ្នាំង, ទី៣៖ ខេត្តកំពង់ធំ, ទី៤៖ ខេត្តកំពត, ទី៥៖ ខេត្តពោធិ៍សាត់, ទី៦៖ ខេត្តតាកែវ, និងទី៧៖ ខេត្តត្បូងឃ្មុំ ដើម្បីបម្រើការងារបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងស្កេនខ្ចៅជនល្មើសទៅក្នុងប្រព័ន្ធ (System Database)។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបំពាក់កុំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើស សរុប៣១គ្រឿង ដល់៣១អង្គភាព៕