(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បទល្មើសឆបោក ឬបន្លំផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ នៅតែជាក្ដីបារម្ភ បើសិនជាយើងមិនបានយល់ពីវាច្បាស់ អំពីរបៀបប្រើប្រាស់។
ក្នុងកិច្ចសម្ភាសភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News លោក អ៊ូ ផាន់ណារិទ្ធ បានបញ្ជាក់ឲ្យដឹងថា អ្នកប្រើប្រាស់ទាំងអស់ មិនគួរអនុញ្ញាត ឲ្យមាននរណាម្នាក់ ខ្ចីកុងធនាគារក្នុងការផ្ទេរលុយចូលនោះទេ ព្រោះអាចជាលុយ ដែលមានប្រវត្ដិមិនច្បាស់លាស់ ធ្វើឲ្យយើងខ្លាចជាជនរងគ្រោះ។
ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ បានប្រាប់ឲ្យដឹងទៀតថា បើសិនជាយើងអត់ដឹងថា លុយដែលផ្ទេរចូលកុងធនាគាររបស់យើង មានប្រវត្ដិយ៉ាងណានោះទេ មិនគួរអនុញ្ញាតឲ្យគេខ្ចីកុងធនាគារ ក្នុងការបង្វើលុយចូលជាដាច់ខាត។
លើសពីនោះទៀត លោក អ៊ូ ផាន់ណារិទ្ធ បានប្រាប់បន្ដថា យើងមិនត្រូវតបនឹងការទាមទារ តាមអ៊ីមែល ឬក៏ទាមទារឲ្យបំពេញព័ត៌មាន តាមទូរស័ព្ទ ឬក៏សួរនាំព័ត៌មានអំពីទូរស័ព្ទ ដែលគេផ្ញើមកយើងនោះទេ។ ជាទូទៅធនាគារមិនដែលធ្វើដូច្នេះនោះឡើយ បើសិនជាទទួលបានអ៊ីមែលបែបនេះ កុំធ្វើតាមឲ្យសោះ ហើយបើចង់ច្បាស់ គួរតែតេទៅសួរនាំធនាគារ ដែលខ្លួនប្រើប្រាស់វិញ។
ជាមួយគ្នានោះ មន្ដ្រីជំនាញក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រូបនេះ ក៏សូមស្នើដល់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកប្រើប្រាស់កុងធនាគារទាំងអស់ ត្រូវស្វែងយល់អំពីបច្ចេកវិទ្យានេះឲ្យបានច្បាស់ តើវាមានមុខងារសុវត្ថិភាពអ្វីខ្លះ? ដើម្បីជៀសវាង នៃការឆបោក ឬបន្លំផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារនេះ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម៖