(ពោធិ៍សាត់)៖ សិស្សអនុវិទ្យាល័យពោធិ៍សាត់ ២នាក់ ក្នុងចំណោម ៤នាក់ បានលង់ទឹកស្លាប់ ពេលពួកគេចុះទៅលេងទឹកស្ទឹងពោធិ៍សាត់ នៅខាងក្រោយសណ្ឋាគារ ខេអឹម ហើយរអិលជើងធ្លាក់ចូលក្នុងអន្លង់បូមខ្សាច់ នៅម៉ោង ២៖៤៥នាទីរសៀលនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
សិស្សសាលា ដែលលង់ទឹកស្លាប់ទាំងពីរនាក់នោះ មានទី១- ឈ្មោះ ប៊ូ អេលីសា អាយុ ១៣ឆ្នាំ ភេទស្រី រៀនថ្នាក់ទី ៧ នៃអនុវិទ្យាល័យពោធិ៍សាត់ មានឳពុកឈ្មោះ ប៊ូ ភីរម្យ អាយុ ៤៥ឆ្នាំ (ពោះម៉ាយ) រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី និង ទី២- ឈ្មោះ ពិន សុខពិសី អាយុ ១២ឆ្នាំ ភេទស្រី រៀនថ្នាក់ទី ៧ នៃអនុវិទ្យាល័យពោធិ៍សាត់ ដែលមានឳពុកឈ្មោះ ពិន វណ្ណា អាយុ ៥៥ឆ្នាំ និង ម្តាយឈ្មោះ ស៊ិន សុភារ៉ន អាយុ ៥៦ឆ្នាំ រស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ក្រោយទទួលបានដំណឹងដ៏អកុសលនេះ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ ក៏បានបញ្ជាទៅអភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង ចុះទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងអំណោយជូនគ្រួសារម្នាក់បាន ថវិកា ២៥ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម៕