(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងមុខវិជ្ជាទូទៅវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីអស់លោកនាយសេនាធិការរង នាយ នាយរង ការិយាល័យ យោធភូមិភាគទី៥ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការង នាយសេនាធិការរង នាយ នាយរងការិយាល័យ ផ្នែក មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចទាំង៣ ផ្នែកសឹករងក្រុង/ស្រុកទាំង១៤ ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងសិក្ខាកាមសរុបចំនួន ១៨៧នាក់។
នាឱកាសនោះលោក ណុប ដារ៉ា បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ គោរពវិន័យ គោរពបទបញ្ជាឲ្យស័ក្តិសមជាកងកម្លាំងការពារជាតិ ការពារប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ហើយបានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលសហការគ្នាបានល្អ ក្នុងចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ការងារហ្វឹកហ្វឺន បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនសមត្ថភាព ដល់កងទ័ពឲ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការចូលរួមចំណែកកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ដើម្បីកសាងកងទ័ពឲ្យក្លាយជាកងទ័ពប្រកបដោយសមត្ថភាព គុណភាព ក្នុងការ ការពារសុខសន្តិភាព ស្ថេរភាព និងបានណែនាំដល់នាយទាហានរង ពលទាហានដែលជាសិក្ខាកាមទាំងអស់ ត្រូវស្តាប់គ្រូឧទ្ទេសនាម គោរពវិន័យ អនុវត្តន៍ភារកិច្ច និងបទបញ្ជានានា ដើម្បីផលប្រយោជន៍ជូនជាតិ មាតុភូមិឲ្យបានល្អ។
ជាទីបញ្ចប់ អធិបតីបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕