(ភ្នំពេញ)៖ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន ដឹកនាំដោយលោកស្រី ឥន លីម្មី ជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសួរសុខទុក្ខលោកស្រី ប៉ូ សុខុម ប្រធានសហគមន៍រុងរឿងដែលកំពុងមានជំងឺជាទម្ងន់ សម្រាកព្យាបាលនៅគេហដ្ឋានក្នុងសហគមន៍រុងរឿង ខណ្ឌចំការមន។
នាឱកាសនេះ លោកស្រី ឥន លីម្មី បានលើកឡើងថា នៅថ្ងៃនេះ លោកអភិបាលខណ្ឌ បានចាត់ឱ្យលោកស្រី រួមនឹងក្រុមការងារ ចុះមកសួរសុខទុក្ខអ្នកមីង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជាការលើកទឹកចិត្តឱ្យអ្នកមីង ប៉ូ សុខុម ខិតខំព្យាបាលជំងឺរបស់ខ្លួនឱ្យឆាប់ជា ហើយក្រុមការងារខណ្ឌ នឹងចុះមកសួរសុខទុក្ខអ្នកមីងជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះផងដែរ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន បាននាំយកគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកស្រី ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺផងដែរ។
លោកស្រី ប៉ូ សុខុម ធ្លាប់មានគុណបំណាច់ ក្នុងបំរើការងារជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍រុងរឿង ហើយក៏ត្រូវបានគាំទ្រពីប្រជាពលរដ្ឋ និងតែងតាំងលោកស្រី ជាប្រធានសហគមន៍នេះ ប៉ុន្តែជាអកុសលកាលពីប៉ុន្មានខែមុននេះលោកស្រីបានធ្លាក់ខ្លួនឈឺ ដោយជំងឺលើសឈាមដាច់សរសៃឈាម មិនអាចនិយាយស្តីកើត និងមិនអាចដើរទៅណាបានឡើយ គឺត្រូវសម្រានមួយកន្លែងព្យាបាលជំងឺនៅនឹងផ្ទះដ៏កំសត់របស់គាត់ក្នុងសហកំន៍រុងរឿងនេះ បន្ទាប់ពីបញ្ជូនមកពីមន្ទីរពេទ្យវិញ។
សូមបញ្ជាក់ថា អំណោយដែលអនុសាខាសមាគមនារីកម្ពុជាបាននាំយកជូនលោកស្រី ប៉ូ សុខុម មានដូចជា គ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួន ដើម្បីជួយសម្រួលបន្ទុកក្នុងគ្រួសារ និងសម្រាប់ព្យាបាលជំងឺផងដែរ៕