(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមលើកស្ទួយវិស័យពុទ្ធចក្រ ដែលប្រជាពលរដ្ឋខ្មែរគោរពបូជាយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលរហូត មកដល់សព្វថ្ងៃនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមដំណើរដោយប្រតិភូក្រសួងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន០៣ មាន៖ វត្តវិហារខ្ពស់ នៅក្រុងសួង វត្តមង់រៀវ និងវត្តបុស្សល្ហុង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយមានសទ្ធាជ្រះថ្លា ក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងពលរដ្ឋពុទ្ធបរិស័ទក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស លើការបន្តថែរក្សាទំនៀមទំលាប់ ដ៏ល្អផូរផង់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យមួយចំនួនទៀតចូលរួមកាន់បិណ្ឌ និងទុកកសាង សមិទ្ធផលនានាបន្តទៀតដល់វត្តទាំង៣ខាងលើនេះផងដែរ។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕