(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ការដាំដុះដំណាំស្រូវរបស់កសិករ ក្នុងឆ្នាំ២០២០នេះ កើនឡើងរហូតដល់៩៩.០៩% និងការប្រមូលផល កើនឡើងរហូតដល់ជាង៨៥%។
លោករដ្ឋមន្ដ្រី វេង សាខុន បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏មានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ។
លោក វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២០នេះ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករ បានកើនឡើងរហូតដល់ ៩៩.០៩% នៃផ្ទៃដីដាំដុះស្រូវសរុប។ រីឯការប្រមូលផលស្រូវវិញ គឺបានកើនឡើងរហូតដល់ជាង៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប»។
លោករដ្ឋមន្ដ្រី វេង សាខុន បានបន្ថែមទៀតថា «ដោយឡែក ការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវ ក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ»។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជា ឲ្យមានលក្ខណៈ ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។
លោករដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា ការទំនើបកម្មនេះ ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីដំណាក់កាលនៃការអភិវឌ្ឍ តាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម។
«ពោល គឺពឹងផ្អែកជាសំខាន់ លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ ដែលមានសក្តានុពល និងទីផ្សារ»។ នេះការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី វេង សាខុន។
លោក វេង សាខុន បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវមហិច្ឆតានេះ នាយកដ្ឋានវិស្វកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ លើការស្រាវជ្រាវ និងសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
ក្នុងនោះ នាយកដ្ឋានវិស្វកម្មកសិកម្ម បានដាក់ឲ្យដំណើរនូវឧបករណ៍ និងគ្រឿងយន្តកសិកម្មមួយចំនួន បញ្ជ្រាបទៅក្នុងសហគមន៍កសិកម្ម និងកសិករដែលមានកម្រិត ជីវភាពមធ្យម ជាបណ្តើរៗ ស្របទៅតាមលក្ខណៈភូមិសាស្រ្ត ទំហំដីធ្លីរបស់កសិករ ធនធាន។
លើសពីនោះទៀត ដើម្បីឆ្លើយតបទៅនឹងការថមថយ នៃកំលាំងពលកម្ម ក្នុងវិស័យកសិកម្ម នាពេលបច្ចុប្បន្ន និងនាពេលអនាគត៕