(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ នឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នាងមុខនេះ។
លោកអភិបាលខេត្ត បានថ្លែងប្រាប់ដូច្នេះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលចុះពិនិត្យកន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
សូមរំលឹកថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។
បើតាមមន្ត្រីសាលាក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយកើតហេតុនោះភ្លាមៗ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្រ្តី នៃមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ចុះសិក្សាជាបន្ទាន់ ដើម្បីរកមូលហេតុ នៃការបាត់ស្រុតសួនច្បារនោះ។
ជាលទ្ធផល តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា ការបាក់ស្រុតនេះអាចបណ្តាលមកពីប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ចូលក្នុងទន្លេមានសភាពចាស់ទ្រុឌទ្រោម គឺជាប្រព័ន្ធលូសាងសង់តាំង ពីសង្គម ចាស់មកម្លេះ ហើយមុនពេលកើតហេតុក៏មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងកំពង់ចាមនេះផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីការចុះពិនិត្យ និងទទួលព័ត៌មានពីការស្រាវជ្រាវរបស់មន្ត្រីជំនាញពាក់ព័ន្ធ លោកអភិបាលខេត្តកំពង់ចាម បានសម្រេចរៀបចំស្ថាបនាឡើងវិញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ នៅចំណុចសួនច្បារមាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតនោះ៕