(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ អំពាវនាវឱ្យប្រជាពលរដ្ឋពុទ្ធបរិស័ទ គណៈកម្មការវត្ត និងព្រះសង្ឃ ចូលរួមកសាងវត្តអារាម ឱ្យបានស្អាតល្អ និងជាទីគាប់ចិត្តដល់ញាតិញោម ពុទ្ធបរិស័ទដែលពួកគាត់មកធ្វើបុណ្យសន្សំកុសលនៅក្នុងវត្តអារាមរបស់ខ្លួនប្រកបដោយផាសុខភាព និងមានចិត្តជ្រះថ្លាក្នុងការជួយកសាង និងត្រូវខិតខំធ្វើយ៉ាងណាកែប្រែវត្តអារាម ឱ្យក្លាយជាដំបន់គោលដៅទេសចរណ៍បែបសាសនា សម្រាប់ប្រជាពលរដ្ឋញាតិមិត្តជិតឆ្ងាយ។
លោកអំពាវនាវបែបនេះរបស់លោក ជា អឿង បានធ្វើឡើងក្នុងពិធីបុណ្យរាប់បាតបិណ្ឌវេនទី១១ នៅក្នុងវត្តត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២ ម្សិលមិញគ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់។
ទន្ទឹមនឹងនេះដែរ លោក ជា អឿង បានលើកឡើងថា ការចូលរួមថែរក្សាអនាម័យ និងរៀបចំទីវត្តអារាមឱ្យស្រស់ស្អាតតាមបែបព្រះពុទ្ធសាសនា គឺសម្រាប់ចែកជូនដល់ភ្ញៀវទេសចរណ៍ អន្តរជាតិបានយល់ដឹង និងស្គាល់ពីតម្លៃនៃវប្បធម៌របស់កម្ពុជា និងធ្វើយ៉ាងឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមានប្រជាពលរដ្ឋទូទៅតែងតែគោរពស្រឡាញ់ទៅតាមទំនៀម ទំលាប់ប្រពៃណីខ្មែរ។
លោក ជា អឿង បានបន្តថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធ្វើឡើងដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ក្នុងរយៈពេល១៥ថ្ងៃ ហើយកន្លងទៅនេះប្រជាពលរដ្ឋពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រី នៅតាមភូមិស្រុកនានាទូទាំងប្រទេស។
បន្ថែមពីនេះលោកក៏បានអំពាវនាវឱ្យប្រជាពុទ្ឋបរិស័ទទាំងអស់ជាពិសេសយុវវ័យ ចូលរួមគោរពច្បាប់ចរាចរណ៍ ជាសឆ្ងាយពីគ្រឿងញៀន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យ ឱ្យបានល្អរួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងនោះលោក ជា អឿង បានធ្វើពិធីរាប់បាតបង្សុកូលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តានព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី និងបានប្រគេនថវិកាសម្រាប់កសាងទីវត្តអារាមមួយចំនួនផងដែរ៕