(ភ្នំពេញ)៖ លោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំដែលលោកបានមកបំពេញការងារនៅកម្ពុជា បានកត់សម្គាល់ និងសូមកោតសរសើរទៅលើការទប់ស្កាត់នឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសនោះសូមសាទរ ចំពោះប្រទេសកម្ពុជាដែលមានសន្ដិភាព និងស្ថេរភាពនយោបាយ ធ្វើឱ្យមានការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការលើកឡើងនេះខណៈលោក Masahiro MIKAMI អញ្ជើញបានទទួលជួប ពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកអគ្គរាជទូត ក៏បានរំឮកអំពីការរួមចំណែករបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងការចរចាស្វែងរកសន្ដិភាពនៅកម្ពុជាកន្លងមក។ លើសពីនេះ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះ ឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិនជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទសសាធារណរដ្ឋ ប្រជាមានិតចិនកន្លងមក។
ដោយឡែក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាអាទិ៍ថា៖ ទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន តាំងពីថ្ងៃ០៩ មករា ១៩៥៣, ភាគីទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព នៅឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៥៩ កម្ពុជា-ជប៉ុន ក៏បានចុះហត្ថលេខាកិច្ចព្រមប្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស រយៈពេល២១ឆ្នាំ លោកបានចុះហត្ថលេខាយ៉ាងច្រើនលើកិច្ចព្រមព្រៀងអំពីជំនួយរបស់ជប៉ុនដល់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ថា «រហូតមកដល់សព្វថ្ងៃនេះប្រទេសយើងទាំងពីរ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា ទោះជានាយករដ្ឋមន្ត្រីថ្មីណាក៏ដោយដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតរវាងកម្ពុជា និងជប៉ុនក៏នៅតែបន្ដរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ជំនួយដល់កម្ពុជា ដូចជា៖
* ជំនួយឥតសំណង និងកម្ចីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា
* ផ្ដល់អាហាររូបករណ៍ដល់មន្ត្រី និងនិសិត្សកម្ពុជាយ៉ាងច្រើនទៅសិក្សានៅប្រទេសជប៉ុន
* ផ្ដល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានទទួលកម្មសិក្សាជាច្រើន ដែលបច្ចុប្បន្នមានចំនួនជាង១ម៉ឺននាក់កំពុងធ្វើការនៅប្រទេសជប៉ុន។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានសំណូមពរឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានទំហំធំធេងថែមទៀត ឱ្យសមស្របនឹងសក្ដានុពលសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ព្រមទាំងវិនិយោគជប៉ុន នៅកម្ពុជាបន្ថែមទៀត។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕