(ក្រចេះ)៖ លោក អ៊ឹម ឈុនលឹម សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ និងខេត្តមណ្ឌលគីរី បានថ្លែងថា រយៈពេល ៣៧ឆ្នាំក្រោយការវាយផ្តួលរំលំរបបកម្ពុជាប្រ ជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា (CPP) បានកសាងសមិទ្ធផលធំធេងជាច្រើនសម្រាប់ប្រជាជន និងប្រទេសជាតិ។
លោក អ៊ឹម ឈុនលឹម បានថ្លែងដូច្នេះ ក្នុងឱកាសដែលរូបលោក អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផ្សេងៗមួយចំនួនទៀត តម្លៃជិត ១៦ម៉ឺនដុល្លារ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ។ សមិទ្ធផលទាំងនេះត្រូវបានគេរំពឹងថា នឹងបង្កលក្ខណសម្បត្តិទាំងផ្នែកសម្ភារៈ និងបច្ចេកទេស ជួយសម្រួលដល់មន្រ្តីគណបក្ស ក្នុងការបំពេញការងារ ដើម្បីឆ្លើយតបនឹងសំណូមពរនៃការរីកចម្រើនរបស់គណបក្សខេត្ត ក៏ដូចជាគណបក្សស្រុកសំបូរ ដែលទាមទារទំហំការងាររីកធំឡើងជាលំដាប់។
ប្រទេសកម្ពុជា ក្នុងរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានគេដឹងថា ប្រទេសជាតិទាំងមូលត្រូវបានរង នូវភាពខ្ទេចខ្ទាំស្ទើរក្លាយជាផេះ រីឯប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ត្រូវបានសម្លាប់ និរាសព្រាត់ប្រាស់រងទុក្ខវេទនាខ្លោចផ្សារជាទី បំផុត។ ភាពហិនហោច ខ្ទេចខ្ទាំ ការឈឺចាប់ និងជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូល ត្រូវបានស្រោចស្រង់ឡើងវិញ នៅក្រោយថ្ងៃរំ ដោះ ៧ មករា ឆ្នាំ១៩៧៩។
លោក អឹម ឈុនលឹម ដែលមានតួនាទីជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៃរាជរដ្ឋាភិបាល នីតិកាលទី៥នេះ បានថ្លែងថា «រយៈពេល ៣៧ឆ្នាំកន្លងមកនេះ ប្រទេស និងប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការបរទេស។ ទន្ទឹមនេះ ប្រទេសកម្ពុជា ក៏បានរួចផុតពីកណ្តាប់ដៃរបបប្រល័យពូជសាសន៍ ដែលបាននាំមកនូវសន្តិភាពពេញលេញ ធានាបានស្ថិរភាពនយោបាយ និងសង្គមដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងនាំមកនូវធនធានសម្បូរបែបជូនប្រជាពលរដ្ឋគ្រប់ថ្នាក់ នៃកម្រិតចំណូល ដែលបានមកពីផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចដែលកើនឡើងជាលំដាប់ និងប្រកបដោយស្ថិរភាព តាមរយៈនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសក្តានុពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា»។
ឈរលើមូលដ្ឋាន នៃបទពិសោធក្នុងការទទួលបានជោគជ័យជាបន្តបន្ទាប់ និងស្នាដៃជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារ កសាង និង អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ លោក អ៊ឹម ឈុនលឹម មានការជឿជាក់យ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងឈានទៅសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ នាពេលខាងមុខ។
លោក អ៊ឹម ឈុនលឹម ក៏បានថ្លែងអំណគុណដល់ជនរួមជាតិនៅគ្រប់ទិសទីក្នុងខេត្តក្រចេះ ដែលមានជំនឿ និង ផ្តល់ការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល និង ទៅខាងមុខទៀត ដើម្បីទាំងអស់គ្នាមានឱកាសរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរុងរឿង និងថ្កុំថ្កើងជានិច្ចនិរន្តរ៍៕