(ព្រះវិហារ)៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោកទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយមួយចំនួន ទៅប្រគល់ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅវរៈសេនាតូចអន្តរាគមន៍៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ឈរជើងការពារព្រំដែនសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។
ពិធីនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងប្រតិភូខុទ្ធការល័យសម្តេចតេជោជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង ក្រោមពាក្យស្លោក៖ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាននៅវរៈសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិការពារបូរណភាពទឹកដីកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានបញ្ជាក់ថា ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសានា ព្រះមហាក្សត្យ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ស្របតាមឆន្ទៈប្រជាពលរដ្ឋ។ ត្រូវមានសុឆន្ទៈ និងមនសិការស្នេហាជាតិមាតុភូមិរបស់យើង លោកបានជំរុញឱ្យកងកម្លាំងគ្រប់បណ្តាកងឯកភាព បន្តសកម្មភាព បង្កើតស្នាដៃនិងគុណសម្បត្តិបន្ថែមទៀត ពិសេសត្រូវយល់ឱ្យបានច្បាស់អំពីតួនាទីភារកិច្ច និងសិទ្ធអំណាចរបស់ខ្លួន និងត្រូវប្រគល់តួនាទីបែងចែកភារកិច្ចជូនថ្នាក់ក្រោមឱ្យបានច្បាស់លាស់។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់វរៈសេនាតូចអន្តរាគមន៍លេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីថវិកា៥០០០ដុល្លារ ថ្នាំពេទ្យមួយចំនួនធំ ឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងម្នាក់ៗថវិកា ១៦មុឺនរៀលផងដែរ៕