(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ គឺលោកឧត្តមសេនីយ៍ទោ ស ថេង ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលត្រូវចូលនិវត្តន៍។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្អាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕