(ភ្នំពេញ)៖ លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនគ្រឿងញៀន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញញៀន សហការជាមួយនគរបាលខណ្ឌសែនសុខ បានបន្តបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យចែកចាយ ប្រើប្រាស់គ្រឿងញៀន ១៨នាក់ ព្រមទាំងដកហូតថ្នាំជាង៥០កញ្ចប់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកស្នងការរង បានបញ្ជាក់ថា "ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ស្នងការ កម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យ១៣នាក់ និងកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនបាន៥នាក់ នៅបឹងឈូក ព្រមទាំងដកហូតថ្នាំ៥កញ្ចប់ធំ ស្មើនឹងជាង៥០កញ្ចប់តូច" ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះត្រូវបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធីបន្តទៀត ៕