(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងភរិយា បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមយុទ្ធនាការបោសសម្អាត និងធ្វើអនាម័យតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិ២-៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
យុទ្ធនាការនេះមានការចូលរួមពី គណៈអភិបាលខណ្ឌដូនពេញ គណៈនាយករដ្ឋបាល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ និងបងប្អូនកម្មករក្រុមហ៊ុនស៊ីនទ្រី។
គោលបំណង នៃការបោសសម្អាត និងធ្វើអនាម័យនាពេលនេះ គឺចង់បង្ហាញឲ្យប្រជាពលរដ្ឋតំបន់ផ្លូវរថភ្លើងនេះ ចេះស្រលាញ់បរិស្ថាន ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនចោលសំរាមពាសវាលពាសកាល នៅតាមទីសាធារណៈផ្សេងៗ និងត្រូវចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន ក៏ដូចជានៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងរស់នៅឲ្យកាន់តែល្អប្រសើរឡើង៕